រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ពុំទាន់មានការបិទ ការនាំស្រូវចេញពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម នៅឡើយទេ
ភ្នំពេញ៖ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី ៥ខែមេសាឆ្នាំ ២០២១ នេះបានចេញសារនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា
យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បានដឹងថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែងនៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវិដ ១៩ តែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី ០៤កន្លងទៅនេះ កម្ពុជាបាននាំចេញស្រូវពីខេត្តតាកែវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរីជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។ រីឯតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀល/គីឡូក្រាម និងលក់ដល់មាត់ច្រកមានតម្លៃ ៩៣០ រៀល/គីឡូក្រាម ៕