ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារអបអរសាទរអតីតនាយករដ្ឋមន្ត្រីវៀតណាម ត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម

43

 

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអបអរសាទរលោកង្វៀន សួនហ៊្វុកអតីតនាយករដ្ឋមន្ត្រីវៀតណាម ត្រូវបានតែងតាំងជាប្រធានាធិបតីវៀតណាម។

នៅក្នុងលិខិតសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកង្វៀន សួនហ៊្វុក ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ហាណូយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នេះបានឲ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន ឯកឧត្តម នូវការអបអរសាទរយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្តចំពោះការតែងតាំងឯកឧត្តម ជា ប្រធានាធិបតីវៀតណាម ។
ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្កសមបំផុតសម្រាប់ឯកឧត្តម បានបង្ហាញអំពីជំនឿជឿជាក់ និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម ទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការគ្រប់គ្រង និងការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងបន្តទទួលបាននូវការ រីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធំធេងថែមទៀត ឈានទៅសម្រេចបាននូវគោលដៅក្លាយ ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងបន្តបំពេញតួនាទីដ៏សកម្មទាំងនៅលើឆាកតំបន់ និងអន្តរ ជាតិ។

ខ្ញុំសូមសម្តែងនូវអំណរអរគុណដ៏ស្មោះជូនចំពោះឯកឧត្តម ដែលបានថែរក្សាពូនផ្តុំនូវចំណង មិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែសំបូរបែបនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ប្រទេសយើង ទាំងពីរ នៅក្នុងអាណត្តិឯកឧត្តមជានាយករដ្ឋមន្ត្រី។ ខ្ញុំជឿជាក់ថា ទោះបីជានៅក្នុងពេលបច្ចុប្បន្ននេះ យើងមានតួនាទីផ្សេងគ្នាក៏ដោយ ទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់យើង នឹងនៅតែរឹងមាំ និងបន្តជាកត្តា ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែមានវិសាលភាពធំធេងជាងមុន។

ខ្ញុំសូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេន របស់ឯកឧត្តម ដើម្បីលើកកម្ពស់ភាពជាដៃគូយូរអង្វែង ផ្អែកលើ ស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការជម្នះបាននូវបញ្ហាប្រឈមនានាដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងវិបុលភាពរបស់ប្រជាជាតិយើងទាំងពីរ តំបន់ និងសាកលលោកទាំងមូល។

ខ្ញុំសូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មីដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ៕

អត្ថបទដែលជាប់ទាក់ទង