បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ស្លាប់ដោយសារដោយសារជំងឺកូវីដ១៩
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ដែលរស់នៅ Appartment PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ។
អ្នកជំងឺខាងលើត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ នេះផងដែរ ដោយស្ថានភាពអ្នកជំងឺ មានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូងតម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមតាំងពីថ្ងៃចូលសម្រាក ពេទ្យដំបូង តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងណាក៍ដោយក៍មិនអាចជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០នាទី ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិចិនអាយុ ៤២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារខ្សោយ សួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ -១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ ជាទី បំផុតជាមួយក្រុមគ្រួសារសព។
គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុបចំនួន ២៧៥២ នាក់ , អ្នកជាសះស្បើយចំនួន ១៧៤៧ នាក់ ,
អ្នកកំពុងព្យាបាលចំនួន ៩៧៩ នាក់ និងអ្នកស្លាប់ចំនួន២១ នាក់៕