ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ចេញសេចក្ដីណែនាំ៩ចំណុច ពង្រឹងការអនុវត្តវិធានការសន្ដិសុខ សណ្ដាប់ធ្នាប់ និងវិធានការបង្ការ-ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ

34

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីការរឹតបន្តឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ-ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ យុវជន-យុវនារី កម្មករ-កម្មការិនី និងសាធារណជនទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ និងវិធានការបង្ការ-ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដូចខាងក្រោម៖

១) ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន-ធូប ភ្លើងចង្ក្រាន ការប្រើប្រាស់ប្រេងឥន្ធនៈ ឧស័ន្ម ហ្គាស និងចរន្តអគ្គិសនី ដើម្បីបង្ការ ទប់ស្កាត់គ្រោះអគ្គិភ័យជាយថាហេតុ និងដើម្បីបញ្ចៀសការបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋទូទៅ

២) ហាមដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងបាញ់ទឹក ជនទឹក គប់ស្យុងទឹក ប៉ាតម្សៅ លាបធ្យូង វាយដោយរំពាត់ ឬ ឧបករណ៍ផ្សេងៗ អុជផាវ និងគ្រឿងផ្ទុះនផ្សេងៗ ដែលជាសកម្មភាពខុសច្បាប់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រពៃណីដ៏ល្អផូរផង់របស់សង្គមជាតិ

៣) ចៀសវាងការធ្វើដំណើរចេញក្រៅលំនៅឋាន ឬទីសំណាក់ដែលមិនចាំបាច់ និងចៀសវាងការធ្វើដំណើរកម្សាន្ត ឬធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ ដែលអាចជាហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ទៅបុគ្គលដទៃ គ្រួសារផ្សេងទៀត និងក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ព្រោះថារាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាល កំណត់ថាជាទីតាំងភូមិសាស្ត្រក្នុងចំណោម៥ រាជធានី-ខេត្ត មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៏សហគមន៍ ២០កុម្ភៈ២០២១»

៤) ផ្អាកការរៀបចំសង្ក្រាន្ត «វត្តភ្នំ» និងការរៀបចំសង្ក្រាន្តតាមបណ្តាខណ្ឌទាំង ១៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ គ.ស.២០២១ នាពេលខាងមុខនេះ

៥)ហាមដាច់ខាតការប្រមូលផ្តុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី កម្មវិធីរាំច្រៀង ពិធីជប់លៀង និងការជួបជុំគ្រប់ប្រភេទ ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា

៦) គ្រប់វត្តអារាម ទីកន្លែងសក្ការៈបូជា រមណីយដ្ឋាន ភោជនីយដ្ឋាន-អាហារដ្ឋាន អាជីវកម្មដ្ឋាន និងទីតាំងសប្បាយភាពនានា ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមានសមត្ថកិច្ចក្នុងនោ៖ គណៈគ្រប់គ្រង ឬម្ចាស់ទីតាំង ត្រូវចាត់ចែងអនុវត្តដូចជា ទី១៖ ចាត់ឲ្យមានអ្នកវាស់កម្តៅបាញ់អាល់កុល-ដែល ចែកម៉ាស និងចូលរួមអនុវត្តការស្កេន QR Code «ទប់ស្កាត់កូវីដ Stop Covid», ទី២៖ អនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ, ទី៣៖ រៀបចំទីតាំងឲ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ចៀសវាងទីតាំងបិទជិត និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងទី៤៖ កំណត់ចំនួនមនុស្សចេញ-ចូលជាអតិបរមា សមាមាត្រទៅនឹងទំហំទីតាំង ចៀសវាងដាច់ខាតការប្រជ្រៀតគ្នា ឬ ប្រមូលផ្តុំមនុស្សច្រើន ខុសពីវិធានសុខាភិបាល

៧) ចំពោះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មិនត្រូវដំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកបើកបរ-បុគ្គលិក និងអ្នកដំណើរទាំងឡាយដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនខ្លួន

៨) សូមលើកទឹកចិត្តចំពោះការសម្រាកជួបជុំក្រុមគ្រួសារ នៅក្នុងលំនៅឋានរៀងៗខ្លួន ហើយប្រសិនបើមានតម្រូវការចាំបាច់ខានមិនបាន ក្នុងការធ្វើដំណើរ ត្រូវប្រកាន់ខ្ជាប់ជានិច្ចការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន សមស្របតាមពាក្យស្លោកដែលដាក់ចេញដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ «ថ្ងៃនេ៖ ថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍» និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចូលទៅក្នុងសហគមន៍។

៩) ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់អនុវត្តវិធានការការពារខ្លួន គ្រួសារ និងសហគមន៍ ស្របតាមរបត់ថ្មី គឺ «ការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩» តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង