សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ផ្ញើជូន ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្រ្ដីតែងតាំងថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ ៖ លិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្រ្ដីតែងតាំងថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី រីករាយសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ តួនាទីដ៏សក្តិសមនេះ ឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ និងទំនុកចិត្តរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាមមកលើឯកឧត្តម ចំពោះការខិតខំប្រឹងប្រែងយក ចិត្តទុកដាក់របស់ឯកឧត្តមក្នុងការជំរុញការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម។
ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើងក្នុងរយៈពេល ៥៤ឆ្នាំកន្លងមកនេះ កម្ពុជា និង វៀតណាមមានទំនាក់ទំនងជាប្រពៃណីដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំង និងកិច្ចសហប្រតិបត្តិការដ៏ជិត ស្និទ្ធលើគ្រប់វិស័យ ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងការផ្លាស់ប្តូរទស្សនកិច្ចដ៏ញឹកញាប់គ្រប់លំដាប់ថ្នាក់ ។ កន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរ ។ ក្នុងស្មារតីនេះ ខ្ញុំត្រៀមខ្លួន ជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឲ្យ កាន់តែស៊ីជម្រៅនូវ ទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណង មិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាង ប្រទេសយើងទាំងពីរ ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងធ្វើការយ៉ាង ជិតស្និទ្ធទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កម្ពុជា និងវៀតណាមនឹងអាចជម្នះបាននូវបញ្ហា ប្រឈម ជាច្រើនដែលមិនធ្លាប់បានជួបប្រទះកន្លងមក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ -១៩ ដើម្បី ផលប្រយោជន៍របស់ប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យនៅក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ៕