បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ ៖ បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ យោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល ដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដែលរស់នៅភូមិឫស្សីចក ឃុំព្រៃស្នៀស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់មុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក។
ប្រភពដដែលបន្តថា អ្នកជំងឺចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០៖២០នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូងអស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺឱ្យរួចផុតពីសេចក្តីស្លាប់បាន ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ជាលទ្ធផលបានបញ្ជាក់ថាសពមាន វិជ្ជមានវីរុសកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ខាងលើនេះបាន បាត់បង់ជីវិតមុនពេលចូលមក ដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩(Mourant entrant avec COVID-19) ៕