ពលរដ្ឋ ក្រុងតាខ្មៅ៧៥០នាក់ បញ្ចប់ការធ្វើចត្តាឡីស័ក
កណ្ដាល៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដែលមានទីលំនៅស្ថិតក្នុងបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ចំនួន ២៥៣ គ្រួសារ មានសមាជិកចំនួន ៧៥០នាក់ ដែលត្រូវដល់ពេលកំណត់ក្នុងការបិទបញ្ចប់ការធ្វើចត្តាឡីស័ក ។
ក្នុងឱកាសនោះដែរ លោក នូ សុវណ្ណារ៉ា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើទោះបីបានបញ្ចប់ការធ្វើចត្តាឡីស័ក និងមិនមានផ្ទុកជំងឺកូវីត-១៩ ក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាបន្តរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះត្រូវលាងសម្អាតដៃជា មួយសាប៊ូ អាកុល ឬជែលនឱ្យបានញឹក ញាប់ ករណីមានបញ្ហាសុខភាពគួរឲ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យជាបន្ទាន់ ជាពិសេសត្រូវអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ឲ្យបានគ្រប់ៗគ្នា។
នាឱកាសនោះដែល អាជ្ញាធរក្រុងខ្មៅ និងមន្ត្រីពាក់ព័ន្ធក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកណ្តាល ចែលជូនដល់ ប្រជាពលរដ្ឋទាំង ៧៥០នាក់ ក្នុងម្នាក់ទទួលបាន សារុង១ ទឹកលាងដៃ ១ដប ម៉ាស់ ១០បន្ទះ និងថវិការ ៥ម៉ឺនរៀល។
សូមរំលឹកថា ៖ ការបិទជាបណ្ដោះអាសន្ន និងដាក់ឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងបុរីនេះធ្វើចត្តាឡីស័ក គឺបន្ទាប់ពីអជ្ញាធរបាន រកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៧ នាក់ ដែលរស់នៅក្នុងបុរីខាងលើ កាលពីពេលកន្លងទៅនេះ៕ សំរិត