អាជ្ញាធរខណ្ឌទួលគោកបន្តនាំ យកសាច់ជ្រូក បន្លែនិងសាប៊ូជូន កម្មករ កម្មការីនីចំនួន៥៣គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់បឹងកក់ទី១
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន នៅព្រឹកថ្ងៃទី០៧ មេសានេះ បានបន្តនាំយកយកសាច់ជ្រូក និងបន្លែ យកមកបងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនីចំនួន៥៣គ្រួសារស្មើរ៥៣បន្ទប់ ដែលពួកគាត់បាននិងកំពុងស្នាក់នៅធ្វើចត្តាឡីស័ក បន្ទាប់ពីគ្រូពេទ្យរកឃើញកម្មកររោងចក្រកាត់ដេរម៉េង អៀងម្នាក់មានវិជ្ជមានកូវីត–១៩ ។
ពិធីនេះបានរៀបចំឡើងនៅមុខផ្ទះជួលលេខ ១០ ផ្លូវលេខ ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អំណោយដែលប្រគល់ជូននៅព្រឹកថ្ងៃទី០៧ មេសានេះ គឺសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនីចំនួន៥៣គ្រួសារស្មើរ៥៣បន្ទប់ ដោយក្នុងមួយគ្រួសារទទួលបានសាច់ជ្រូកចំនួន២គីឡូក្រាមជាមួយនឹងបន្លែផងដែរ ដែលនេះជាអំណោយរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយក្នុងឱកាសនោះម្ចាស់ផ្ទះជួលក៏បានប្រគល់ជូននូវសាប៊ូ ក្នុងមួយគ្រួសារ១ដុំផងដែរ ខណៈដែលកាលពីម្សិលម៉ិញ អាជ្ញាធរខណ្ឌទួលគោកបានប្រគល់អោយក្នុង១គ្រួសារនូវអង្ករ១០គីឡូក្រាម ទឹកត្រី. មី និងម៉ាស់មួយចំនួនរួចម្តងហើយ។
លោកអភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះ បានណែនាំដល់បងប្អូន ដែលកំពង់ធ្វើចត្តាឡីស័ក ត្រូវមានស្មារតីរឹងមាំ ធ្វើអនាម័យនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន៣ការពារ ៣កុំនិង២ចូលរួម ដើម្បីទប់ស្កាត់ការីករាលកូវីដ–១៩ទាំងអស់គ្នា។
គួរបបញ្ជាក់ថា កម្មករកាត់ដេរម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ–១៩ នៅក្នុងបន្ទប់ជួលខាងលើហើយត្រូវបានក្រុមគ្រូពេទ្យការជាមួយអាជ្ញាធរខណ្ឌទួលគោកចុះទៅយក និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលកាលពីវេលាម៉ោង៥និង៤០នាទីថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១។លុះនៅព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២១ អាជ្ញាធរខណ្ឌទួលគោកសហការជាមួយក្រុមគ្រូពេទ្យបានចុះទៅយកសំណាកអ្នកដែលពាក់ព័ន្ធដោយប្រយោលនិងផ្ទាល់នៅក្នុងរោងចក្រចំនួន១០៩នាក់ទៀត។
អ្នកវិជ្ជមានកូវីដ –១៩ ដែលរកឃើញឈ្មោះភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀងហ្គាមេន ហ្វាក់តូរីអិលធីឌីស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវ ៥២៨ ភូមិ២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ។ ស្របគ្នានោះដែលស្រ្តីជាប្រពន្ធដែលជាកម្មាការីនីកាត់ដេរ និងប្អូនប្រុសម្នាក់ដែលជាកម្មករនៅផ្សារអូឬស្សីត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចិត្តាឡីស័ករាជធានីភ្នំពេញដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅផងដែរ។ ដោយឡែកផ្ទះជួលប្រមាណ៥៣បន្ទប់ដែលភាគច្រើនជាកម្មករស្នាក់នៅត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចធ្វើការឡោមព័ទ្ធដើម្បីឱ្យធ្វើចត្តឡីស័កចំនួន១៤ថ្ងៃ៕