ក្រុមអ្នកជំនាញ កំពុងចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ជួសជុលរចនាសម្ព័ន្ធស្រះ នៅមុខប្រាសាទអង្គរវត្ត
សៀមរាប ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានកំពុងចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សារពីរចនាសម្ព័ន្ធ ឈានទៅធ្វើការជួសជុលរចនាសម្ព័ន្ធស្រះ នឹងស្តារស្រះត្រពាំងសេះ ដែលមានទីតាំងនៅមុខប្រាសាទអង្គរវត្តប៉ែកខាងជើង។
លោក ធឿន សាខុន មន្ត្រីបុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងឧទ្យានបង្ការ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកជំនាញ បានធ្វើកំណាយស្រាវជ្រាវដោយបានរកឃើញមានរបាយអាចម៍ដីចាស់ៗ ដីខ្សាច់ ឥដ្ឋ និងក្រួសបាយក្រៀមជាដើម គឺជាគំហើញបានបញ្ជាក់ប្រាប់ថា នៅសម័យនោះ គេបានជីកយកអាចម៍ដីមកចាក់ទប់ធ្វើជាទំនប់ បន្ទាប់មកគេយកខ្សាច់មកដាក់ រួចបានគេចាប់ផ្តើម ដាក់ឥដ្ឋ និងក្រួសបាយក្រៀមថែម ដើម្បីទប់ទឹកបានជាប់ល្អប្រសើរ។
បើតាមមន្ត្រីបុរាណវិទូរូបនេះ ការធ្វើកំណាយស្រាវជ្រាវជាមុននេះ គឺដើម្បីចង់ដឹងពីទំហំពិតនៃស្រះត្រពាំងសេះនេះ ថាតើវាមានបណ្តោយប៉ុន្មាន ទទឹងប៉ុន្មាន មានរាងយ៉ាងម៉ិច ហើយនៅពេលដឹងពីទំហំពិតប្រាកដទើបចាប់ផ្តើមជួសជុលតែម្តង៕