ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​០៧ ខែមេសា មាន​បុរស​ជនជាតិខ្មែរ​ចំនួន ០២​នាក់ អាយុ ៦៨​ឆ្នាំ និង​អាយុ ៤៩​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩

59

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​ប្រកាស​ព័ត៌មាន​ផ្លូវការ​បង្ហាញ​ពី​ការស្លាប់​របស់​អ្នកជំងឺ​កូ​វីដ​១៩ ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់​ទៀត​។ ក្នុងនោះ​ម្នាក់​អាយុ ៦៨​ឆ្នាំ និង​ម្នាក់ទៀត អាយុ ៤៩​ឆ្នាំ​។ មកដល់ពេលនេះ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២៤​នាក់​ហើយ ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យោងតាម​ការផ្តល់​ព័ត៌មាន​ពី​មន្ទីរពេទ្យ​ហ្លួង​ម៉ែ បាន​ឲ្យ​ដឹងថា បុរស​ជនជាតិខ្មែរ អាយុ​៦៨​ឆ្នាំ ដែល​រស់​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ០១៖៤០​នាទី​រំលង​អា​ធ្រា​ត និង​បុរស​ជនជាតិខ្មែរ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖៥៥​នាទី​ព្រឹក​។​

​ករណី​បុរស​ជនជាតិខ្មែរ ដែលមាន​អាយុ ៦៨​ឆ្នាំ បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ ដែល​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​ជាតិ សុខភាព​សាធារណៈ ហើយ​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ នៅ​ថ្ងៃទី​០៧​ខែមេសា ឆ្នាំ​២០២១ នៅវេលា​ម៉ោង ០១៖៣០​នាទី​រំលង​អា​ធ្រា​ត ពេលមកដល់​មន្ទីរពេទ្យ​អ្នកជំងឺ​ស្ថិតនៅក្នុង​ស្ថានភាព​គ្មាន​សញ្ញា​ជីវិត សន្លប់​បាត់បង់​ស្មារតី ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ​ដោយ​ធ្វើ​ចលនា​បេះដូង និង​ជួយសង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​នៅតែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន អ្នកជំងឺ​ក៏បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​០៧​ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០១៖៤០​នាទី​រំលង​អា​ធ្រា​ត​។​

​ករណី​បុរស​ជនជាតិខ្មែរ​អាយុ​៤៩​ឆ្នាំ អ្នកជំងឺ​ត្រូវបាន​បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​-១៩ ដោយ​មន្ទីរពិសោធន៍​ជាតិ​សុខភាព​សាធារណៈ​ដូចគ្នា ពេលមកដល់​មន្ទីរពេទ្យ អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ធ្វើការ​ព្យាបាល​តាម​ល​ក្ខ​ណៈ​បច្ចេកទេស យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​ដោយសារ​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ការវិវត្ត​ជំងឺ​ពីមួយថ្ងៃ ទៅមួយថ្ងៃ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ រហូតដល់​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១១៖៥៥​នាទី អ្នកជំងឺ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖

​ករណី​បុរស​ជនជាតិខ្មែរ អាយុ​៦៨​ឆ្នាំ ខាងលើនេះ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ ធ្ងន់ធ្ងរ​ដោយសារ​វីរុស​កូ​វីដ​-១៩​។​

​ករណី​បុរស​ជនជាតិខ្មែរ អាយុ​៤៩​ឆ្នាំ ខាងលើនេះ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ស្រួចស្រាវ និង​រលាក​សួត​សងខាង​ធ្ងន់ធ្ងរ ដោយសារ​វីរុស​កូ​វីដ​-១៩​។​

​ក្រសួងសុខាភិបាល សូម​ចូលរួមចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជាមួយ​ក្រុមគ្រួសារ​សព​៕​

អត្ថបទដែលជាប់ទាក់ទង