ចៅហ្វាយខេត្តព្រះសីហនុ កំពុងពិចារណាឱ្យអ្នកចាក់វ៉ាក់សាំង២ដងអាចចេញចូលខេត្តព្រះសីហនុបាន
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើក ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ។
បើតាមការបង្ហោះតាមណ្ដាញសង្គមរបស់រដ្ឋបាលខេត្តព្រះសីហនុនៅមុននេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម÷
១.ការអនុវត្តសេចក្រីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
២.ការត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមលំនៅដ្ឋាន
៣.ការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន
៤.ពិនិត្យបញ្ជីឈ្មោះអ្នកដែលបញ្ចាក់នឹងមិនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩
៥.ពិនិត្យបញ្ជីឈ្មោះមន្ត្រីរាជការតាមមន្ទីរ-អង្គភាព នូវចំនួនអ្នកបានចាក់ ចំនួនអ្នកមិនត្រូវបានអនុញ្ញាតឱ្យចាក់ និងចំនួនអ្នកមិនព្រមទៅចាក់ការពារកូវីដ-១៩។
ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ៕