ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចព្រះ​មហាក្សត្រី ប្រោស​ព្រះរាជទាន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន​ដល់​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​កិច្ចការ​សុខាភិបាល​នានា​ក្នុង​មន្ទីរពេទ្យ​ថ្មី​នេះ​

54

 

​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​សព​ព្រះរាជ​ឫ​ទ័យ​ប្រោស​ព្រះរាជទាន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន​ដល់​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ដែល​ទើបតែ​ប្ដូរ​ឈ្មោះ​ពី​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ការងារ​សុខាភិបាល​ផ្សេងទៀត សំដៅ​ចូលរួម​ជា​ប្រយោជន៍​សម្រាប់​ប្រជានុរាស្ត្រ​ជា​កូនចៅ​-​ចៅទួត​របស់​ព្រះអង្គ​។​

​ពិធី​ប្រគល់​-​ទទួល​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ នៅ​ព្រះបរមរាជវាំង​ចតុមុខ​មង្គល ក្រោម​វត្តមាន​លោក គុយ សុផល ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង និង​ឧ​ត្ត​ម​សេនីយ៍​ទោ សោម សោភ័ណ ប្រធាន​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ព្រមទាំង​សហការី​មួយចំនួនទៀត​។​

​ព្រះរាជ​អំណោយ​ទាំងនោះ រួមមាន​៖ Medical hat ចំនួន ១០០០, Face Screen ចំនួន ១០០, វ៉ែនតា​ការពារ​ចំនួន ២០, ម៉ាស់ KN95 ចំនួន ៩០០, Surgical Mask ចំនួន ៩៦០, Protective Suit ចំនួន ៥០, Isolation gown ចំនួន ១៦០, ស្រោមដៃ​ចំនួន ២០០, Plastic booties ចំនួន ៥០, Shoes Cover ចំនួន ១០០០​។​

​លោក គុយ សុផល បាន​ជម្រាបជូន​អំពី​ព្រះរាជហឫទ័យ​ដ៏​ថ្លៃថ្លា​នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​ទុកដាក់​ជាខ្លាំង​បំផុត ចំពោះ​សុខុមាលភាព​របស់​ប្រជារាស្ត្រ​ជា​កូនចៅ​-​ចៅទួត​របស់​ព្រះអង្គ និង​បាន​ជម្រាបជូន​ផងដែរ​អំពី​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​ក្នុង​ព្រះរាជហឫទ័យ​នឹករលឹក​ដ៏​ជ្រាលជ្រៅ ព្រមទាំង​ពរជ័យ​ពី​អង្គ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ហ្លួង​ម៉ែ ជូន​ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យ​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​គ្រប់រូប​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម សោភ័ណ ក្នុងនាម​ថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត និង​ក្រុមគ្រូពេទ្យ ព្រមទាំង​បុគ្គលិក​ទាំង​អស់នៃ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ បានបង្ហាញ​សេចក្តីរំភើប​រីករាយ និង​បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ​ព្រះមហា​ករុណា​ទិ​គុណ​នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​។​

​គួររំលឹកថា កន្លងទៅ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ជា​ថវិកា ២០ ម៉ឺន​ដុល្លារ​អាមេរិក និង​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ជា​ថវិកា ២០ ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​លោក គុយ សុផល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​នាយករង​ខុទ្ទកាល័យ​រួចមកហើយ សម្រាប់​ការរៀបចំ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​នេះ​ឲ្យ​មាន​សកម្មភាព​យ៉ាង​ល្អប្រសើរ​៕

អត្ថបទដែលជាប់ទាក់ទង