ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ០២នាក់ លួចនាឡិកា១គ្រឿង តម្លៃ ជាង៦០ម៉ឺនដុល្លារ ពេលដើររកកន្លែងលក់គ្មានអ្នកទិញ

78

 

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចលួចនាឡិកា១គ្រឿង មានតម្លៃ ជាង៦០ម៉ឺនដុល្លារ នៅចំណុចអាផាតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកបានសម្រេច ហើយគេចខ្លួនបាន១រយៈ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់៖ ទី១ ឈ្មោះ នៅ សុផានី ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ លី សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។
ដោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះធ្វើឡើង រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពថា កាលពីនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងប្រហែល ០១ទៀបរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ពួកខ្លួនពិតជាបានចូលធ្វើសកម្មភាពចូលលួចសម្ភារៈ នៅក្នុងអាផាតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពិតប្រាកដមែន ដោយយកបានសម្ភារៈរួមមាន Computer, នាទ្បិកាដៃ (តម្លៃ ជាង៦០ម៉ឺន), ទូរស័ព្ទដៃ , ដង្កាបបត់ និងខ្សែក្រវ៉ាត់ ហើយសម្ភារៈមួយចំនួនទុកប្រើ និងមួយចំនួនយកទៅលក់នៅផ្សារឃ្លាំងរំសេវ។

បច្ចុប្បន្នសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង