សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការដើម្បីជួយដល់គ្រួសារដែលស្លាប់, អ្នកឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើង ជាដើម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២១នេះ បានចេញសារពិសេសបន្ទាន់ ដោយបានដាក់ចេញវិធានការអន្តរគមន៍មួយចំនួនទៀត ជួយដល់គ្រួសារដែលស្លាប់ អ្នកឆ្លង និងប៉ះពាល់ដោយកូវីដ១៩ គ្រួសារស្លាប់រដ្ឋជួយបង់ទឹកភ្លើង៥ខែ ឆ្លងជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ។
ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែម លើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក (ដោះស្រាយតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះ) ។ ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។ គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែដែរ និងផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៨៣នាក់។ ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឲ្យអ្នកជំងឺកូវីដ១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង៤ពាន់នាក់ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលជាង១ឆ្នាំយើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់៤០៨០នាក់ ពីម្សិលមិញអ្នកជំងឺរបស់យើង បានឆ្លងចំនួន៥៧៦នាក់ ថ្ងៃនេះទៀតឆ្លង៤៨៣នាក់។ ពីមុនកម្រណាស់ ដែលយើងប្រើពាក់រាប់សិបនាក់ គឺមានតែ ១, ២, ៣, ៤, ៥,១០នាក់ ប៉ុន្តែចាប់ពីពេលព្រឹត្តិការណ៍២០កុម្ភៈមក ពាក្យរាប់សិប គឺមានជារៀងរាល់ថ្ងៃ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ។ សម្តេចតេជោក៏បានសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ៕