ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលត្រូវបានបិទខ្ទុបភូមិដ្ឋានមិនត្រូវជជែក ឬសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ

88

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅក្នុងភូមិដ្ឋានដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទខ្ទុបដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ បងប្អូនទាំងអស់មិនគួរធ្វើទំនាក់ទំនងគ្នា
ជជែកគ្នា ឬសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ គឺត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឲ្យដាច់ដោយឡែកពីគ្នាដើម្បីកាត់បន្ថយឲ្យបាននូវការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ទាំងអស់គ្នា ។
នេះជាការអំពាវនាវ ក៏ដូចជាការស្នើសុំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកចុះចែកអំណោយជូនបងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន៥០០គ្រួសារ ដែលត្រូវបានបិទខ្ទុបលំនៅដ្ឋាន ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ នៅទីតាំងផ្ទះជួលចំនួន៣កន្លែង នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ កាលពីរសៀលនិងល្ងាចថ្ងៃទី១០ ខែមេសាឆ្នាំ២០២១នេះ ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋគឺធ្វើឡើងដោយការបង្ខំចិត្ត ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះសូមបងប្អូនមេត្តាយោគយល់ ។ ម្យ៉ាងវិញទៀត ខណៈដែលបងប្អូនកំពុងបិទភូមិដ្ឋាននេះ បងប្អូនដាច់ខាតមិនគួរធ្វើទំនាក់ទំនង ជជែកគ្នាលេងឬ សាកសួរសុខទុក្ខគ្នាពីផ្ទះមួយទៅផ្ទះមួយនោះទេ ។ យើងគួររួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ខណៈដែលជំងឺនេះ បាននឹងកំពុងរីករាលដាលនិងបានធ្វើឲ្យបងប្អូនកម្មករកម្មការិនីរបស់យើងចំនួន៦៣៨នាក់ហើយ ដែលបានឆ្លងនូវជម្ងឺដ៏កាចសាហាវនេះ ។
លោកឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលបងប្អូនកម្មករ កម្មការិនី ទាំង៥០០គ្រួសារទទួលបាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម ត្រីខ ២០កំប៉ុង និងមី១កេស ។
គួរបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកម៉ិញនេះ បានដាក់បទបញ្ជាមួយចំនួនដល់អភិបាលរាជធានី-ខេត្ត អនុវត្តនូវការងារមួយចំនួន ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩ ក្នុងនោះ ៖ ១-គ្រួសារមានសមាជិកស្លាប់ដោយកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹក និងថ្លៃអគ្គិសនី រយៈពេល៥ខែ និងផ្តល់ថវិកា១០លានរៀល និងអង្ករ១០០គីឡូក្រាម ។
២-គ្រួសារដែលមានសមាជិកទទួលរងកូវីដ-១៩ រដ្ឋនឹងជួយបង់ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី រយៈពេល៣ខែ ។
៣-គ្រួសារដែលត្រូវធ្វើចត្តាឡីស័ក រដ្ឋនឹងឧបត្ថម្ភថវិកា៣០ម៉ឺន/គ្រួសារ និងបង់ជំនួសនូវថ្លៃប្រើប្រាស់ទឹក អគ្គិសនី ក្នុងរយៈពេល២ខែ៖
– អ្នកនៅក្រៅតំបន់បិទខ្ទប់ ទទួលបានដូចគោលការណ៍ខាងលើដែរ ។
– អ្នកនៅក្នុងតំបន់បិទខ្ទប់ រដ្ឋនឹងផ្ដល់បន្ថែមនូវអង្ករ ២៥Kg មីមួយកេសតូច និងត្រីខ ២០កំប៉ុង សម្រាប់ក្រុមគ្រួសារនីមួយៗ ។
– កម្មករ-កម្មការិនី ដែលពាក់ព័ន្ធនឹងកូវីដ-១៩ និងពាក់ព័ន្ធជាមួយនឹងការធ្វើចត្តាឡីស័ក រដ្ឋនឹងបង់ជំនួសនូវថ្លៃទឹក និងថ្លៃអគ្គិសនីក្នុងរយៈពេល២ខែ (បើនៅម្នាក់ឯងក៏ត្រូវចាត់ទុកថាមួយគ្រួសារផងដែរ) ៕

 

អត្ថបទដែលជាប់ទាក់ទង