សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ វាយសម្លាប់មិត្តស្រី
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង ស្តីពីការបង្ក្រាបករណី ឃាតកម្មគិតទុកជាមុន កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ ស្ថិតក្នុងគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ០៧:៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលពត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញស្រ្តីជនជាតិខ្មែរម្នាក់ អាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់ក្នុងគ្រលុកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុខាងលើ ជាលទ្ធផល ៖
មានសាកសពស្រី្តខ្មែរម្នាក់ អាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតដៃវែង ពណ៌លឿងខោស្ព័រកីឡាជើងវែង មានស្លាកស្នាម អារក , ជាំភ្នែកខាងស្តាំ ,ជាំថ្គាមខាងឆ្វេង ,ជាំបបូរមាត់ផ្នែកខាងលើ (សាកសពពុំស្គាល់អត្តសញ្ញាណ) ។
ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី សមត្ថកិច្ចយើងបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ ។ ការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ច កំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០នាទី ។
ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយះពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួននិងជនរងគ្រោះ តែងតែមានជម្លោះនឹងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន ។ រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២និង០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ ។ ពេលនោះជនសង្ស័យបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចបានរត់គេចខ្លួន ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕