ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី ថ្កោលទោសគេហទំព័រ «Vice» ដែលយករូបជនរងគ្រោះជំនាន់ខ្មែរក្រហម នៅមន្ទីរស-២១ ទៅកែខុសពីស្ថានភាពដើម និងបង្ហោះលើគេហទំព័រ «Vice»

97

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា បានថ្កោលទោសគេហទំព័របរទេសឈ្មោះថា «Vice» ដែលយករូបជនរងគ្រោះជំនាន់ខ្មែរក្រហម នៅមន្ទីរស-២១ ទៅកែខុសពីស្ថានភាពដើម ហើយបង្ហោះលើគេហទំព័របរទេសឈ្មោះថា «Vice»។

ការថ្កោលទោសពីតំណាងរាស្រ្តរូបនេះ បានធ្វើឡើងដោយសារគេហទំព័រសារព័ត៌មាន Vice ដែលផ្សាយអត្ថបទក្រោមចំណងជើងថា These People Were Arrested by the Khmer Rouge and Never Seen Again (ពលរដ្ឋទាំងនេះ ត្រូវបានចាប់ខ្លួនដោយពួកខ្មែរក្រហម ហើយបាត់ខ្លួនជារៀងរហូត) ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដែលបានយករូបថតជនរងគ្រោះជំនាន់ខ្មែរក្រហម ទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែង អំឡុងពេលដែលជនរងគ្រោះទទួលរងនូវការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។

តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃអាទិត្យនេះ លោក ហ៊ុន ម៉ានី បានថ្លែងថា ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង ដែលបានឃើញនូវការកែរូបថតជនរងគ្រោះនៅគុកទួលស្លែង (មន្ទីរស-២១)។ លោកចាត់ទុកថា សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថា បុគ្គលទាំងនោះ ជាពិសេសជនបរទេស ពិតជាមិនបានយល់ច្បាស់ពីសោកនាដកម្មដ៏សែនឈឺចាប់ និងខ្លោចផ្សារបំផុតរបស់ប្រជាជាតិកម្ពុជា ជាពិសេស គឺជនរងគ្រោះដែលបានឆ្លងកាត់នូវទារុណកម្ម និងការកាប់សម្លាប់នៅក្នុងគុកទួលស្លែង។

«តើការកែរូបថតខាងលើនេះ បានគិតទៅដល់ការឈឺចាប់របស់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគាត់ដែរ ឬទេ? តើបានផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នកបាត់បង់ជីវិតនៅទីនោះឬទេ? ឬគិត ដល់អារម្មណ៍របស់សាក្សីរស់ ដែលស្ទើរតែគេចមិនផុតពីនរកលោកិយ៍នៅ ស ២១ នោះឬទេ?»។ ទាំងនេះ គឺជាសំណួររបស់តំណាងរាស្ត្រកម្ពុជា ទៅលើគេហទំព័រ Vice ។

លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា «កូនខ្មែរគ្រប់ជំនាន់ ត្រូវចង់ចាំ ផ្តល់ការគោរព និងការពារសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានបាត់បង់ជីវិត នៅ ស ២១ ដោយអយុត្តិធម៌បំផុត។ ក្នុងន័យនេះ រាល់ការកែច្នៃ ការលេងសើច ឬទង្វើណាមួយ របស់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផង ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដោយត្រូវយល់ឲ្យច្បាស់ ពីការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសាក្សីរស់ដែលនៅរស់រានមានជីវិត ពីសោកនាដកម្ម ដ៏សាហាវ យង់ខ្នងនេះ»។

លោកសង្ឃឹមថា ករណីបែបនេះ ឬស្រដៀងគ្នានេះ នឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ ទោះក្នុងទិដ្ឋភាពណាក៏ដោយ ដែលក្នុងនាមជាកូនខ្មែរ យើងមិនអាចទទួលយកបានជាដាច់ខាត។ លើសពីនេះបុគ្គលដែលប្រមាថ ទោះក្នុងរូបភាពណាក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យជាធរមាន។

សូមជម្រាបថា នាពេលថ្មីៗនេះ មានការបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ តាមរយៈសារព័ត៌មាន Vice ដោយជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ដែលបានយករូបថតទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឲ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេល ដែលជនរងគ្រោះទទួលរងនូវការគំរាមកំហែងពីសំណាក់ពួកខ្មែរក្រហម។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់គេហទំព័របរទេសឈ្មោះ Vice លុបរូបទាំងនោះចេញវិញជាបន្ទាន់។ ក្រសួងវប្បធម៌ ក៏បានព្រមានចាត់ការតាមផ្លូច្បាប់ ចំពោះគេហទំព័រខាងលើ បើសិនជាមិនធ្វើតាមការស្នើរបស់ក្រសួង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានឱ្យសិល្បករជនជាតិអៀរឡង់ និងសារព័ត៌មាន VICE លុបរូបថតអ្នកទោសគុកទួលស្លែងកែច្នៃចេញពីប្រព័ន្ធផ្សព្វផ្សាយវិញ មុននឹងកម្ពុជាចាត់វិធានការផ្លូវច្បាប់លើពួកគេ។ បើតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ដែលត្រូវបានចេញផ្សាយនារសៀលថ្ងៃទី១១ខែមេសានេះបានបញ្ជាក់ថា៖ ក្រសួងមិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។ សេចក្តីជូនដំណឹង៖ ក្រសួងសូមអំពាវនាវឱ្យឈ្មោះ Matt Loughrey និងបណ្ដាញសារព័ត៌មាន VICE លុបរូបទាំងអស់នេះចេញពីបណ្ដាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ»៕

អត្ថបទដែលជាប់ទាក់ទង