ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូវ៉ាជែងកង់បីឥណ្ឌា ទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្តស្ទូច កិនបែកខួរស្លាប់

56

 

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន វ៉ាជែងកង់បីឥណ្ឌា បានទាក់ដៃចង្កូតបណ្តាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តស្ទូច កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ដែរបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចទល់មុខបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ទីកន្លែងកំណើត ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មុខរបរកម្មកររោងចក្រ)។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកង់បីឥណ្ឌាមួយគ្រឿង មិនចាំផ្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GS-0175 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានវ៉ាជែងពីក្រោយកង់បីឥណ្ឌាក៏ទាក់ដៃចង្កូត បណ្ដាលឱ្យដួលបោកនឹងថ្នល់ខ្ទៀតចូលក្រោមកង់រថយន្តស្ទូច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ កណ្តាល 3A-1319 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នា ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលកិនចំក្បាលបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯម៉ូតូនិងរថយន្តវិញ រងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ហើយភ្លាមនោះ តៃកុងរថយន្តស្ទូចបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ ចំណែកឯ សពសមត្ថកិច្ចធ្វើការកំណត់ហេតុ រួចរាល់ប្រគល់ជូនឱ្យក្រុមគ្រួសារសាច់ញាតិ យកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង