នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ
បាត់ដំបង ៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើនារីម្នាក់នៅផ្ទះសំណាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង១៤និង១០នាទី កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងបាត់ដំបង បានទទួលបណ្ដឹងពីស្រ្តីឈ្មោះ ម.ម អាយុ ៣៧ មានទីលំនៅនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាម្ដាយរបស់ជនរងគ្រោះឈ្មោះ ល.សភល អាយុ១៧ឆ្នាំ ថា មានករណីរំលោភសេពសន្ថវ: លើកូនស្រីរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨និង២០នាទី នៅផ្ទះសំណាក់ វលក្ខ ស្ថិតនៅក្រុមទី០៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្ដឹង កម្លាំងនគរបាលបានធ្វើការធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងមានការអនុវត្តពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៦និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខ្លាង សុខជា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្លាឃុំតាង៉ិល ស្រុកក្រវាញ ខេត្តពោធិសាត់ មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕