ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ណែនាំឱ្យបុគ្គលិក កម្មករ និយោជិត ទៅបញ្ជាក់សិទ្ធិអនុញ្ញាតពីអាជ្ញាធរ ដើម្បីធ្វើដំណើរពេលបិទខ្ទប់រាជធានីរយៈពេល១៤ថ្ងៃ

34

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ថិតក្នុងភាពអនុគ្រោះឱ្យដំណើរការអាជីវកម្ម ពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ ១៤ថ្ងៃនេះ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ កម្មការិនី របស់ខ្លួនទៅបញ្ជាក់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងនៅតាមខណ្ឌទាំង១៤ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ។

ការបញ្ជាក់បែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ស្ដីពីការងាររឹតបណ្ដឹងការបិទខ្ទប់តាមច្រកចេញ-ចូលនានា ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ការសុំលិខិតបញ្ជាក់នេះ
ដើម្បីធានាប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ ។

ក្នុងនោះលោកឃួង ស្រេង បានបញ្ជាក់ថា ដោយមានបញ្ហាស្មុគស្មាញមួយចំនួន នៅតាមគោលដៅ ដែលកម្លាំងសមត្ថកិច្ច ដាក់កម្លាំងដើម្បីបិទខ្ទប់ ពិសេសលើការពិនិត្យឯកសារ នៃការអនុញ្ញាតឱ្យចេញ ចូល បង្កឲ្យមានការកកស្ទះចរាចរណ៍ជាអន្លើនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំឲ្យខណ្ឌទាំង១៤ ដើម្បីចេញលិខិតអនុញ្ញាតខាងលើនេះ ។

លោកបន្តថា ដើម្បីធានាប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ តាមរយៈសេចក្តីណែនាំថ្មីមួយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកដែលត្រូវផ្តល់អាទិភាពធ្វើដំណើរ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១៖ រៀបចំបញ្ជីឈ្មោះបុគ្គលិក កម្មករ-កម្មការិនី នៃទីតាំងអាជីវកម្មរបស់ខ្លួន ដោយត្រូវកាត់បន្ថយនូវចំនួន មកនៅត្រឹមកម្រិតអប្បបរមា មិនឱ្យលើសពី ០២ភាគរយ នៃចំនួនបុគ្គលិក ឬកម្មករ-កម្មការិនីសរុប (ភ្ជាប់បញ្ជីឈ្មោះបុគ្គលិកនិងកម្មករសរុប) និងត្រូវភ្ជាប់មកជាមួយ នូវឯកសារបញ្ជាក់ធានាអះអាងចំនួន ០២ភាគរយ នៃបុគ្គលិក កម្មករ-កម្មការិនី ពីម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មដ្ឋាន។

២៖ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូល តែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ពិសេស ក្នុងមូលដ្ឋានខណ្ឌ ដែលទីតាំងអាជីវកម្មរបស់ខ្លួនតាំងនៅ ដើម្បីចេញលិខិតបញ្ជាក់អំពីការធ្វើដំណើរចេញចូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក កម្មករ-កម្មការិនី។

ក្រៅពីបញ្ហាខាងលើនេះ លោកឃួង ស្រេង ក៏បានក៏បានជម្រុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ពិសេសខណ្ឌ៣ដែល កំពុងចត្តាឡីស័ក ត្រូវកំណត់ទីតាំងឱ្យបានច្បាស់លាស់ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានបញ្ហាប្រឈមជីវភាពខ្លាំង ដើម្បីយើងបានយកអំណោយ ទៅចែកជូនពួកគាត់បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង