នៅភ្នំពេញរកឃើញ អ្នកកើតជំងឺកូវីដ ចំនួន៤៩៣នាក់ នៅថ្ងៃម្សិលមិញភាគច្រើនជាកម្មកររោងចក្រ Fortuna និងអាជីវករផ្សារដើមគ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៤៩៣នាក់ដែលបានរកឃើញ នៅថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ ដែលភាគច្រើនជាកម្មកររោងចក្រ Fortuna និងអាជីវករផ្សារដើមគ។
ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្ដាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និង ព្យាបាលជំងឺកូវីដ-១៩។ ទន្ទឹមទឹងនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបាន ខិតខំបំពេញភារកិច្ចបានល្អប្រសើរ ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការទប់ស្កាត់ និងគ្រប់គ្រង ការរីករាលដាលមេរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕