ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរពដោយចេតនា

82

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ស្តីពីការពិន័យអន្តរការណ៍ ចំពោះបុគ្គលដែលមិនគោរព ដោយចេតនា វិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្តរាជធានីភ្នំពេញ។

មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចេញបង្កាន់ដៃពិន័យ អន្តរការណ៍ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលខាងលើ ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ ពិន័យអន្តរការណ៍ ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល ៣០ ( សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។

ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ភ និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការចេញបង្កាន់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ៣ (បី)ច្បាប់ ដោយ ១(មួយ)ច្បាប់ សម្រាប់
ប្រគល់ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល និង ២(ពីរ)ច្បាប់ទៀត សម្រាប់រក្សាទុកជាឯកសារ។

ចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ត្រូវកត់ត្រាជា ចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងករណីបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ពុំបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុង រយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នោះ មន្ត្រីដែលមាននីតិសម្បទា ជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ជាធរមាន។

បន្ថែមលើការទទួលរងនូវការពិន័យអន្តរការណ៍ខាងលើ ក្នុងករណីដែលអំពើមិនគោរពដោយចេតនាវិធានការ រដ្ឋបាល ដូចមានចែងក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបង្ក ឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ បុគ្គលល្មើសនឹងទទួលរងនូវការផ្ដន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង