ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកំពង់ធំ ចាប់ក្រុមជនទំនើងប្រមូលផ្តុំផឹកស៊ី បង្ហោះតាម Tik Tok ផ្គើនបម្រាមរាជរដ្ឋាភិបាល ឌឺដងដាក់ក្រសួងសុខាភិបាល

64

 

កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខសញ្ញា០៥នាក់ បន្ថែមទៀត ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នាទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន។

ការពិន័យអនុវត្តពិន័យអន្តរការណ៍នេះ បន្ទាប់ពីយុវជនទំនើងមួយក្រុមផឹកស៊ីបង្ហោះតាមបណ្តាញសង្គម Tik Tok ផ្គើននឹងបម្រាមរបស់រាជរដ្ឋាភិបាល និងឌឺដងដាក់ក្រសួងសុខាភិបាល ឲ្យមកព្រមានក្រុមរបស់ខ្លួនថែមទៀតផង។

ទង្វើដ៏ផ្គើន និងក៏ជាគំរូដ៏អាក្រក់របស់ក្រុមនេះ បានធ្វើឲ្យមហាជនជាច្រើនក្តៅក្រហាយ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការកុំឲ្យរួចខ្លួន នៅទីបំផុត សមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញា និងឈានឃាត់ខ្លួនពួកគេ ដែលមានគ្នីគ្នាទាំងប្រុសនិងស្រីសរុបចំនួន ១៤ នាក់។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sok Lou (ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ)​ បានបង្ហោះប្រាប់ឲ្យដឹងថា «រដ្ឋបាលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានសម្រេចអនុវត្តពិន័យអន្តរការណ៍ និងធ្វើការអប់រំយុវជនចំនួន០៩នាក់ និងស្រាវជ្រាវមុខសញ្ញា០៥នាក់ បន្ថែមទៀត ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបានធ្វើការជួបជុំប្រមូលផ្ដុំគ្នាទទួលទានគ្រឿងស្រវឹង និងបានធ្វើការផុសផ្សព្វផ្សាយលើបណ្ដាញសង្គម (Tik Tok) យ៉ាងគឃ្លើន ដោយមិនគោរពតាមបម្រាមរបស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការហាមឃាត់មិនឲ្យមានការជួបជុំ ផឹកសុី…។

រដ្ឋបាលខេត្តកំពង់ធំ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង