ចាប់រថយន្តសាមុយ លួចដឹកមនុស្ស២នាក់ ក្នុងតម្លៃ៦០០ដុល្លារ ពីពេទ្យលោកសង្ឃមកខេត្តរតនគិរី
ខេត្តរតនគិរី ៖ កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ ចាប់រថយន្តសាមុយមួយគ្រឿង ដែលពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ទៅកាន់ខេត្ត រតនគិរី ក្នុងតម្លៃ៦០០ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ឲ្យត្រឡប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។
បើតាមមន្ទីរព័ត៌មានខេត្តរតនគិរីសូមគោរពរាយការណ៍ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មេត្តាជ្រាប៖ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់
ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី (ភ្នំពេញ-រតនគិរី) សរុប០៤នាក់ តាមរថយន្តសាមុយពាក់ផ្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោកសង្ឃនៅភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖
1- ឈ្មោះ បៀន ពក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅភូមិជាចជួរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបរ
2- ឈ្មោះ ញ៉ឹប គត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករពេទ្យព្រះកុសុមៈ មានទីលំនៅ ភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាព្រូឡាន។ ហេីយអ្នកទាំង០២នាក់ជាកម្មករមិនមែនជាបុគ្គលិករដ្ឋនៅក្នុងពេទ្យលោកសង្ឃនោះឡេីយ។
3- ឈ្មោះ ឃាង ចន្នី ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
4/- ឈ្មោះ ប៊ុត ប៊ុនរក្សា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដូចអ្នកទី3។
យោងតាមរបាយការណ៍ពីក្រុមការងារបានបន្តឲ្យដឹងទៀតថា រថយន្តសាមុយនេះជាកម្មសិទ្ធិឯកជនរបស់ លោកគ្រូពេទ្យម្នាក់ ជាបុគ្គលិកពេទ្យលោកសង្ឃដែលជាអ្នកបញ្ជាស៊ីឈ្នួលដឹកជន០២រូប គឺអ្នកទី៣ និងទី៤ ក្នុងតម្លៃ៦០០ដុល្លារពីពេទ្យលោកសង្ឃមកខេត្តរតនគិរី ហើយអាជ្ញាធរក្រុងបានលុងឃាត់ឲ្យត្រឡប់មកកាន់អាជ្ញាធរស្រុកកូនមុំវិញដើម្បីចាត់ការបន្ត។
បច្ចុប្បន្ន អ្នកទី១ និងអ្នកទី២ ត្រូវបានកងរាជអាវុធហត្ថស្រុកកូនមុំ ឃាត់ខ្លួន ដើម្បីធ្វេីចត្តាឡីស័ក និងចាត់ការទៅតាមនិតិវិធី ច្បាប់ ហេីយជនទី៣ និងទី៤ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កត្រពាំងក្រហម ស្រុកកូនមុំដេីម្បីធ្វេីចត្តាឡីស័កផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ដោយបញ្ជាក់ថា រថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រសួងអនុញ្ញាតឲ្យដឹកជញ្ជូនតែអ្នកជំងឺ និងអ្នករបួសទៅកាន់មន្ទីរពេទ្យ ឬឯកជន ឬវត្ថុសំណាកសម្រាប់យកមកវិភាគនៅតាមមន្ទីរពិសោធន៍របស់ក្រសួងសុខាភិបាលប៉ុណ្ណោះ។ ហើយមិនអនុញ្ញាតឲ្យរថយន្តគិលានសង្រ្គោះទាំងរដ្ឋ និងឯកជន ដឹកជញ្ជូនប្រជាជនដែលជាអ្នកដំណើរជាដាច់ខាត បើពុំនោះ ក្រសួងនឹងចាត់វិធានការណ៍ទៅតាមផ្លូវច្បាប់៕