ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី១៨ មេសា រកឃើញអ្នកជំងឺកូវីដ ចំនួន ១២៣នាក់ ជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ

46

 

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ១២៣នាក់។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១២៣នាក់រួមមាន៖ អាជីវករផ្សារលើ ក្រុងព្រះសីហនុ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធជាមួយអាជីវករទាំងនោះ រួមទាំងប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ចំនួន ១នាក់។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោក លោកស្រី អាជីវករ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាចដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិកា ៧ មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេលពល ១៤ថ្ងៃ។

បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុង មួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋ នឹង សាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម… ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង