ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

58

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមអនុវត្តតាមវិធានការបិទខ្ទប់ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលរបស់រាជរដ្ឋាភិបាល សំដៅទប់ស្កាត់មហន្តរាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវការបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនដល់បុគ្គលដែលត្រូវដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ គ.វ.ក-១៩ សូមជូនដំណឹង ។

ទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ៖ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ និងបុគ្គលដ៏ទៃទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិ ក្រសួងស្ថាប័ននានា ក្រុមហ៊ុន និងទី តាំងមួយចំនួនទៀតកន្លងទៅនេះ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩. ដូសទី២ នៅតាមទីតាំងដែលមានក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឱ្យឆ្លងខណ្ឌនោះទេ ដែលទីតាំងទាំងនោះ មានបង្ហាញជូនដូចមានកំណត់ នៅក្នុងតារាងឧបសម្ព័ន្ធទី២។

ចំពោះបុគ្គល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ រួចហើយនៅតាមខណ្ឌទាំង១៤ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ទៅតាមថ្ងៃ-ខែ-ឆ្នាំដូចដែលបានជម្រាបជូនសាមីខ្លួនផ្ទាល់នៅថ្ងៃដែលចាក់ដូសលើកទី១នោះទៅតាមទីតាំងដូចមានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធទី២ នៅតាម ខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឱ្យឆ្លងខណ្ឌជាដាច់ខាត។

ចំពោះកម្មករ-កម្មការិនី ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដែលបានរៀបចំចាក់ដោយពេទ្យការងារ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅតាមទីតាំងដែលនឹងកំណត់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនឱ្យឆ្លងខណ្ឌជាដាច់ខាត ។

ចំពោះកងទ័ព គ្រួសារកងទ័ព និងបុគ្គល ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដែលរៀបចំដោយអង្គភាពចំណុះឱ្យក្រសួងការពារជាតិ ហើយត្រូវដល់ពេលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ សូមអញ្ជើញទៅចាក់នៅតាមទីតាំងដែលនឹងចាត់ចែងទទួលខុសត្រូវដោយក្រសួងការពារជាតិ ដោយសំណូមពរមិនឱ្យឆ្លងខណ្ឌឡើយ។ ប្រសិនបើបុគ្គលដែលពាក់ព័ន្ធលើការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ត្រង់ចំណុចនេះ មានបញ្ហា ឬចម្ងល់ សូមទាក់ទងទៅលេខទូរស័ព្ទ០៩៧ ៧២៣ ២២១១ ឬ ០៩៧ ៧៩៩ ៩៩៧៧ ដើម្បីទទួលបានព័ត៌មានបន្ថែម។

ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ (ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម) នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ៖កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល៖ ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ (ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ទៅតាមកាលបរិច្ឆេទបែងចែកនៅក្នុងឧបសម្ព័ន្ធទី១។ ទីតាំងដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ៖ បុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ហើយកំពុងស្នាក់នៅក្នុងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវអញ្ជើញ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ . ដូសទី២ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ឬមណ្ឌលសុខភាពស្វាយរលំ នៃភូមិសាស្ត្រក្រុងតាខ្មៅ ដោយមិនឱ្យឆ្លងមករាជធានីភ្នំពេញ ឬស្រុកផ្សេង ជាដាច់ខាត ។

ចំពោះបុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់ មិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងរាជធានីខេត្ត ៖ ចំពោះបុគ្គលដែលដល់ពេលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ហើយកំពុងអនុវត្តវិធានការបិទខ្ទប់នៅតាមរាជធានី -ខេត្ត សូមទំនាក់ទំនងជាមួយអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ឬអាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលរាជធានី -ខេត្ត ដែលបុគ្គលនោះកំពុងស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ដោយមិនត្រូវឱ្យហួសថ្ងៃកំណត់ចាក់ដូសទី២នោះឡើយ (មិនឱ្យហួសពី២៨ថ្ងៃបន្ទាប់ពីចាក់ដូសទី ១រួចហើយ) និងត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឆាយា (ក្នុងករណីបុគ្គលដែលមិនបានយកមកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត បុគ្គលនោះអាចបង្ហាញឯកសារទាំងនេះតាមប្រព័ន្ធអេឡិកត្រូនិកបាន)។

អនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៃទីតាំងរបស់បុគ្គលដែលត្រូវទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ត្រូវជួយសម្រួលដល់បុគ្គលនោះ ឱ្យបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីបុគ្គលដែលត្រូវទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ មិនបានយកមកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានបង្ហាញប័ណ្ណនោះ តាមប្រព័ន្ធអេឡិកត្រូនិក អាជ្ញាធរមានសមត្ថកិច្ចនៃទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នោះ ត្រូវចេញលិខិតបញ្ជាក់ថាបុគ្គលនោះ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ដោយក្នុងលិខិតបញ្ជាក់ត្រូវសរសេរ ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ភេទ អាសយដ្ឋានរបស់បុគ្គលនោះ និងកាល បរិច្ឆេទ ទីតាំង នៃការចាក់វ៉ាក់សាំងដូសទី២ និងឈ្មោះវ៉ាក់សាំងដែលបានចាក់ដូសទី២នៅទីតាំងរបស់ខ្លួនរួចហើយនោះ ព្រមទាំងមានដាក់ឈ្មោះអ្នកទទួលខុសត្រូវដែលចេញលិខិតបញ្ជាក់នោះ និងមានចុះហត្ថលេខា (សូមមើលគំរូលិខិតបញ្ជាក់ភ្ជាប់ មកជាមួយ ដូចក្នុងឧបសម្ព័ន្ធទី៣)៕

អត្ថបទដែលជាប់ទាក់ទង