មន្ត្រីរាជការ មន្ទីរសាធារណការ ខេត្តព្រះវិហារ ទទួលការចាក់វ៉ាក់សាំងបានជាង ៩៧ ភាគរយហើយ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងគ្រួសារជាប់ពាក់ព័ន្ធ បម្រើសការងារនៅតាមការិយាល័យអង្គភាពនានា ចំណុះអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានទទួលការចាក់វ៉ាក់សាំងបានជាង ៩៧ភាគរយហើយ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា គិតមកដល់ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងគ្រួសារជាប់ពាក់ព័ន្ធ ដែលបម្រើសការងារនៅតាមការិយាល័យ អង្គភាពនានា ចំណុះអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចំនួន១៤៤រូបហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ០៤រូប ដោយសារមានជំងឺ និងមានផ្ទៃពោះ។
បច្ចុប្បន្ន មន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ បាននិងកំពុងបន្តដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងទាំងបី ទាំងវ៉ាក់សាំងដូសទី១ និងដូសទី២។
លោក សំ លាងទ្រី បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុតក្នុងការឈានទៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ–១៩ ទូទាំខេត្តព្រះវិហារផងដែរ។ សូមបងប្អូនចូលរួមទាំងអស់គ្នា និងត្រូវ អនុវត្ត ៣កុំ ៣ការពារនិង២ចូលរួម ៕