ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករ និងអ្នកទិញទំនិញប្រមាណ៣៥០នាក់ នៅកីឡដ្ឋានខេត្តកណ្ដាល ត្រូវយកសំណាក និងឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

51

 

កណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះបានយកសំណាកក្រុមអាជីវករទាំងអស់ ដែលលក់ដូរនៅក្នុងកីឡដ្ឋានខេត្តកណ្ដាល និងពលរដ្ឋដែលមកទិញទំនិញប្រមាណ៣៥០នាក់ ក្រោយវាស់កំដៅឃើញមនុស្ស១១នាក់ មានអង្សា៣៧អង្សាសេ ហើយវាស់ម្ដងហើយម្ដងទៀត ឃើញម្ដង៣៧អង្សា ម្ដង៣៥អង្សា ដែលការណ៍នេះកើតមិនប្រក្រតី និងដើម្បីទ្រទ្រង់សភាពការណ៍ ទើបអាជ្ញាធរសម្រេចហ៊ុព័ទ្ធបិទមិនឱ្យមនុស្សចូលមួយល្ងាចសិន ដើម្បីយកសំណាកក្រុមអាជីវករ។

ប្រភពបន្តថា «នាល្ងាចថ្ងៃនេះ អាជ្ញាធរបានធ្វើការវាស់ស្ទង់កម្ដៅអ្នកចេញ-ចូលផ្សារនេះជាធម្មតា ស្រាប់តែពេលវាស់ចំអាជីវករជាច្រើននាក់ ឃើញមនុស្សចំនួន១១នាក់ មានកម្ដៅមិនប្រក្រតី វាស់ម្ដងឃើញ៣៧អង្សា វាស់ម្ដងទៀតឃើញ៣៦ វាស់ទៀតឃើញ៣៥ ដែលការណ៍នេះ ហាក់មិនប្រក្រតី ទើបអាជ្ញាធរសម្រេចហ៊ុព័ទ្ធបិទផ្សារមួយល្ងាច ដើម្បីយកសំណាកពីពួកគាត់ទៅពិនិត្យឱ្យអស់ចិត្ត ដើម្បីទ្រសភាពការណ៍ក្រែងលោមានបញ្ហាណាមួយ ឬគ្មាន»។

ប្រភពបញ្ជាក់ថា គិតមកដល់ម៉ោង៧យប់នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល និងមន្ត្រីសុខាភិបាល ធ្វើការហ៊ុព័ទ្ធ ដើម្បីយកសំណាកអ្នកដែលកំពុងលក់ដូរនៅក្នុងទីនេះ និងអ្នកដែលបានចូលទិញទំនិញក្នុងផ្សារនេះ មិនទាន់អស់គ្នានៅឡើយទេ ខណៈដែលអ្នកដែលយកសំណាករួចគ្មានកំដៅគួរឱ្យកត់សំគាល់ ត្រូវអនុញ្ញាតឱ្យទៅផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯងមួយរយៈសិន រង់ចាំអ៊ុតមើលលទ្ធផលនៅពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលដោយផ្ទាល់ជុំវិញការយកសំណាកនេះ ហើយបានជំរុញឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត និងផ្ដាំផ្ញើបងប្អូនអាជីវករ និងបងប្អូនមកទិញទំនិញ ត្រូវតាមដានសុខភាពខ្លួនឯងឲ្យបានម៉ត់ចត់ រក្សាអនាម័យ និងវិធានការ «៣កុំ ៣ការពារ» ឲ្យបានល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង