ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកដំណើរការ ជាបណ្តោះអាសន្នផ្សារកណ្តាល

44

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា អាស្រ័យស្ថានភាព នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងរយៈពេល ថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាំងឆាប់រហ័សគួរឱ្យបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ ជាបន្ទាន់ ។

ចំពោះមុខ រដ្ឋបាលខណ្ឌដូនពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារ កណ្ដាលទី១ រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បមើ ការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើ នៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បើមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការ សង្ស័យថាឆ្លងមេរោគកូវី។-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបាន ត្រឹមត្រូវបំផុត ។ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយ អាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារកណ្តាល ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរ មិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូលប្រកបអាជីវកម្មលក់ដូរឡើយ។

រដ្ឋបាលខណ្ឌដូនពេញសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារកណ្តាល មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្ត សេចក្ដីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង