ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វាយខ្នោះយោធាទំនើងម្នាក់ ជិះបុកទម្លាយបារ៉ាស់ និងវាយនគរបាលម្នាក់ បែកចិញ្ចើមរងរបួស

61

ភ្នំពេញ ៖ សមត្ថកិច្ចបានវាយខ្នោះមន្រ្តីយោធាម្នាក់ ដែលជិះម៉ូតូបុកបារ៉ាស ហើយវាយនគរបាលម្នាក់ ត្រូវរបួសបែកចិញ្ចើម បញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅចំណុចគោលដៅទប់ស្កាត់ ការធ្វើដំណើរ ចំណុច រង្វង់មូលជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចឱ្យដឹងថា ជនបង្កមានឈ្មោះ ខៀវ  ចាន់សុភក្ត្រា  ភេទប្រុស អាយុ៣១ឆ្នាំ មានកាតជាមន្រ្តីយោធា ពាក់ស័ក្តិ៣ មានទីលំនៅផ្ទះលេខ ២២អាអឺសហ្សេរ៉ូ ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រើមួកខ្លុបវាយទៅលើនគរបាលម្នាក់ ឈ្មោះ វេង ឌីណា ភេទប្រុស ពាក់ស័ក្តិ៣ រងរបួសបែកចិញ្ចើមផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្យាបាលភ្លាមៗ ។

សមត្ថកិច្ចឱ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូមួយគ្រឿងម៉ាកCPX ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1GV-5578 មកដល់ចំណុចគោលដៅកើតហេតុ ពេលនោះសមត្ថកិច្ចសួរនាំរកឯកសារ ប៉ុន្តែជនបង្កពុំមាននោះទេ ដោយប្រាប់ថានៅផ្ទះ ។ ពេលនោះសមត្ថកិច្ចបានឱ្យត្រឡប់ក្រោយ ប៉ុន្តែជនបង្កនៅតែព្យាយាមទៅមុខបុកទម្លាយបារ៉ាស ទើបមានការឃាត់ម៉ូតូ ខណៈពេលកំពុងឃាត់ ជនបង្កបានយកមួកសុវត្ថិភាព វាយមកលើនគរបាលបណ្ដាលឲ្យរបួសតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើន បាននាំគ្នាព័ទ្ធទម្រាំតែបាន រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌ យោងតាមបញ្ជាថ្នាក់លេី ជនបង្ក ត្រូវសមត្ថកិច្ចរៀបចំសំណុំឯកសារ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង