កោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គវក-១៩បានថ្លែងថា
សូមជម្រាបសួរក្មួយៗទាំងអស់ ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់!។ ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) និងក្នុងនាមមីងផ្ទាល់ មីងសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយ:ចុងក្រោះនេះ កម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះដូចគ្នាដែរ។
ក្នុងការចូលរួមបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើក តម្កើងសរសើរ ព្រោះ ទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែន តែក្មួយៗក្លាហានហ៊ានប្រឈម ដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ។
មីងសូមកោតសរសើរដល់ក្មួយៗទាំងអស់យ៉ាងខ្លាំងបំផុត ក្មួយៗ សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ។ សេចក្តីក្លាហានរបស់ក្មួយៗ នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលទុកដល់អ្នកជំនាន់ក្រោយបាន ដឹងឭពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន ភាពសុខដុមរម្យនារបស់កម្ពុជា និងពិភពលោកទាំងមូល។
ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយណាម្នាក់ឆ្លងជម្ងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី
មីងក៏សូមផ្តាំផ្ញើការសាកសួរសុខទុក្ខជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយអ្នកជម្ងឺកូវីដ-១៩ ដោយយេីងមិនដឹងជាមុននេះ។ មីងជឿជាក់ថាក្មួយៗ នឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន។ ក្មួយៗត្រូវតែរឹងមាំ និងបន្តមានសង្ឃឹមថា ជីវិតប្រជាជនច្រើនទៀត គឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗដែលនឹងត្រូវទៅផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ ដេីម្បីរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នាពេលនេះ និងបន្តទៅខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លេីការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជម្ងឺរាប់ពាន់នាក់ទៀតនៅថ្ងៃអនាគត។
ជាចុងក្រោយ មីងសូមក្មួយៗមេត្តាមានការអត់ធ្មត់ និងការប្រុងប្រយ័ត្នខ្ពស់ ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឲ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់នៅ ព្រោះកូវីដ១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការសុខភាពខ្លួនឯង វីរុសដ៏កាចសាហាវនេះ នឹងអាចញំញីរាងកាយយេីងបានគ្រប់ពេលវេលា។
មីងសូមបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ក្មួយៗ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចបាននូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕