ព្រះនាងតូចនរោត្តម ជេនណា ក្នុងឈុតព្រះពស្ត្របុរាណ ទស្សនិជនភ្ញាក់ផ្អើល
ភ្នំពេញ៖ ទស្សនិជនជាច្រើនបាន ចាប់អារម្មណ៍នឹងរូបសម្រស់ដ៏ស្រស់សោភាស្ទើររកចំណុចទាស់ចិត្តគ្មាន ក្រោយពីបានឃើញរូបសម្រស់ព្រះនាងតូច នរោត្តម ជេនណា ក្នុងព្រះពស្ត្រប្រណីតបុរាណដែលច្នៃយ៉ាងវិចិត្រដោយស្នាដៃកូនខ្មែរ។ កាន់តែចាប់អារម្មណ៍ទៀតនោះគឺទាំងព្រះភ័ក្ត្រស្រស់ប្រិយប្រិយអមដោយកាយវិការពិតជាស័ក្តិសមខ្លាំងណាស់នឹងការរចនាយ៉ាងយកចិត្តទុកដាក់នេះ។
ទស្សនិជនបាននិយាយថា មុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រះនាងតូច នរោត្តម ជេនណាបាន
បញ្ចេញព្រះសូរសៀងក្នុងបទចម្រៀង២បទគឺបទ “តាលុងផ្តាំស្នេហ៍” និងបទ”ក្រមុំស្រុកណា” អមដោយក្បាច់រាំ និងការតុបតែងព្រះកាយសមសួនទៅតាមអត្ថន័យនៃបទចម្រៀង។ ព្រះនាងកាន់តែធ្វើឲ្យទស្សនិកជនមិនកោតសសើរមិនបានអំពីរូបសម្រស់គឺការតុបតែងព្រះកាយក្នុងទម្រង់ជាឈុតប្រណីតបុរាណ អមដោយសារអប់រំចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ឈុតស្បៃធំពណ៌ក្រហមដែលទើបនឹងបញ្ចេញក៏ធ្វើឲ្យអ្នកគាំទ្រកាន់តែពេញចិត្តខ្លាំង។ ឈុតសម្លៀកបំពាក់ថ្មីចុងក្រោយដែលត្រូវបានបញ្ចេញលើបណ្តាញសង្គមរបស់ទ្រង់ ដែលត្រូវបានច្នៃយ៉ាងពិសេសក្រោមទឹកដៃកូនខ្មែរមានឈ្មោះថា ទេពធីតាបុប្ផាសួគ៌ ដែលត្រូវបានដកស្រង់ចេញពីចម្លាក់ប្រាសាទខ្មែរ គឺជាឈុតដែលត្រូវបានគ្រងដោយព្រះនាងឥន្ទ្រទេវី និងច្នៃដោយសម្អាងការបុប្ផាសួគ៌ ។ ឈុតថ្មី អមដោយការតុបតែងព្រះកាយបានយ៉ាងសមសួន កាន់តែធ្វើឲ្យសម្រស់ទ្រង់ស្រស់ស្អាតប្លែកដូចគំនូរដែលវិចិត្រករគូររកចំណុចទើសចិត្តគ្មាន៕ សំរិត