ប្រជាពលរដ្ឋជិត១៧០០គ្រួសាររស់នៅ តំបន់បិទខ្ទប់ បន្តទទួលបានអំណោយគាំពារសង្គម
ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញ បន្តចុះចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជិត១៧០០គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២។
នាឱកាសអញ្ជើញចែកអំណោយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជិត១៧០០គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១៦៩៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចោមចៅទី១ រីឯប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម គឺនៅសង្កាត់ចោមចៅទី១ ដែលនៅទីនោះអាជ្ញាធរបានចែកអំណោយតាមខ្នងផ្ទះជាបន្តបន្ទាប់សរុបបានប្រមាណ ១៩០០គ្រួសារហើយ៕