សម្តេច ស ខេង ផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់អត់ធ្មត់ ចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល។
នៅក្នុងសាររបស់សម្តេចក្រឡាហោម ស ខេង ផ្ញើសារជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ សម្តេចសូមសម្តែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាននិងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុស នូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។
សម្តេចក៏សូមយកឱកាសនេះ ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូម បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍ នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហា ប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ”។
សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំ ស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕