ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​ប្រុងប្រយ័ត្ន ជាមួយ​ល្បិចកល បោកប្រាស់​មួយចំនួន ក្នុងពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​រីក​រាលដាល​

44

 

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៅ​ថ្ងៃទី ២១ មេសា​នេះ​បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នឹង​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​-១៩ ក៏មាន​ជនខិលខូច​មួយចំនួន​បាន​កំពុង​រិះរក​ល្បិចកល​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ ដោយ​បន្លំ​ធ្វើជា អាជ្ញាធរ ឬ​សប្បុរសជន​ដើម្បី​ចែក​ម្ហូបអាហារ ជួយឧបត្ថម្ភ​ថវិកា ឬ​ផ្ដល់​ប្រាក់កម្ចី​ជាដើម ដូច្នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជនខិលខូច​មួយចំនួន ដែល​អាច​ឆ្លៀតឱកាស​បោកប្រាស់​បងប្អូន​តាមរ​យៈ​ទូរ​សព្ទ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្រោមរូបភាព​ផ្សេងៗ​មានដូចជា​៖

១-​ការជួយឧបត្ថម្ភ​ថវិកា ឬ​ម្ហូបអាហារ​៖
– ជនខិលខូច​អាច​ផ្ញើ​សារ ឬ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុងន័យ​ជួយឧបត្ថម្ភ ប៉ុន្តែ​ទាមទារ​ឱ្យ​បងប្អូន​ចុច Like ដើម្បី​បង្កើន​ចំនួន Like ផេ​ករ​បស់​ពួកគេ ឬ Share ព័ត៌មាន​ដើម្បី​បំពុលសង្គម​តែប៉ុណ្ណោះ​។​

២- ការផ្ដល់ប្រាក់​កម្ចី​ងាយៗ​
– ទាមទារ​ឱ្យ​បង់​កម្រៃ​សេវាកម្ម​ជាមុន​។​
– ភ្ជាប់​មកជា​មួយ​នូវ​តំណរ​ភ្ជាប់ (Link) ដែលមាន​ផ្ទុកមេរោគ​ដើម្បី​លួច​យក​ទិន្នន័យ​។​

៣-​ក្លែងបន្លំ​ជា​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរពេទ្យ ហើយ​ទាមទារ​ឱ្យ​បង់ប្រាក់​ដើម្បី​ជួយឧបត្ថម្ភ ឬ​ជួយសង្គ្រោះ​បងប្អូន​។​

​ដើម្បី​ការពារ​ពី​ការបោក​បន្លំ​ដោយ​ជនខិលខូច​មួយចំនួន តាមរយៈ​រូបភាព​ដូចខាងលើ សូម​បងប្អូន​អនុវត្តតាម​ការណែនាំ​មួយចំនួន ដូចខាងក្រោម​៖
– សូម​ធ្វើការ​បញ្ជាក់​ប្រភពព័ត៌មាន ថា​ជា​ប្រភព​ផ្លូវការ មុននឹង​ចុច​លើ​តំណ​ភ្ជាប់ (Link) ឬ​ចុច Like ឬ Share ផេ​ក​ណាមួយ​។​

– សូម​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ផ្ដល់ព័ត៌មាន​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ការឧបត្ថម្ភ​ម្ហូបអាហារ ឬ​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត ដើម្បី​ចៀសវាង​កុំឱ្យ​ជនខិលខូច​អាច​យក​ទិន្នន័យ​ទាំងនេះ​ទៅធ្វើ​ការបោក​បញ្ឆោត​នៅពេល​ក្រោយ​។ ក្នុងករណី​ដែលមាន​ការសង្ស័យ បងប្អូន​អាចធ្វើ​ការទំនាក់ទំនង​ទៅ​លេខ​ទូរ​សព្ទ ដែល​រាជរដ្ឋាភិបាល​បានដាក់​ឱ្យប្រើ​ប្រាស់ ដើម្បី​ទទួល​ព័ត៌មាន​លម្អិត​។​

– ក្នុងករណី​ដែលមាន​ការពាក់ព័ន្ធ​នឹង​ការផ្ដល់សេវា​សុខាភិបាល សូម​ទូរ​សព្ទ​ទៅ​លេខ ១១៥ ឬ​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សួរនាំ​បន្ថែម ឬ​បញ្ជាក់​ពី​ព័ត៌មាន​ទាំងនោះ​៕

អត្ថបទដែលជាប់ទាក់ទង