ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ សម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្ន ផ្សារអូឡាំពិក

51

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២១ខែមេសានេះ បានចេញសេចក្តីដំណឹង ស្តីពីដំណើរការផ្អាកជាបណ្ដោះអាសន្ន មូលដ្ឋានផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌបឹងកេងកង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ឱ្យបានជ្រាបថា៖ អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។ ចំពោះមុខ រដ្ឋបាលខណ្ឌបឹងកេងកង សូមផ្អាកដំណើរការជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិកសម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនអាជីករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃ០៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅបរិវេន សាលមហោស្របចេនឡា ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។

រដ្ឋបាលខណ្ឌបឹងកេងកងសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុង ប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារអូឡាំពិក មានការយោគយ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះឱ្យមាន ប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង