កីឡាកាយវប្បកម្មកម្ពុជាជាប្រភេទកីឡា មានសក្តានុពលអាចដណ្តើម មេដាយមាសជូនជាតិនៅ SEA GAMES ២០២១ នៅវៀតណាម
ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករកាយវប្បកម្មរបស់សហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាចំនួន៥នាក់ បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ២០២១ កម្ពុជាពេញសិទ្ធិជាផ្លូវការដើម្បីទៅ ប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម និង ការប្រកួតកីឡា SEA GAMES២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក សុខ វណ្ណៈ អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានប្រាប់តាមសារអេឡិចត្រូនិថា ឆ្នាំនេះលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឯកភាពដាក់ បញ្ជូលក្រុមកីឡាកាយវប្បកម្មក្នុងក្រុមជម្រើសជាតិ២០២១ ត្រៀមចូលរួមការប្រកួតកីឡា SEA GAMES ២០២១ នៅប្រទេសវៀតណាម។
លោកបានបន្តថា សម្រាប់គ្រូបង្វឹក និងកីឡាករជម្រើសជាតិឆ្នាំនេះ ចំនួន៥នាក់រួមមានលោកគ្រូ្ងវឹក ចាប វ៉ាននី កីឡាករ កែវ សំណាង កីឡាករ ទ្រីង ចាន់ អ៊ុន បូរ៉ាត់ កីឡាករ អ៊ុត សុធា ហើយស្ថិតក្នុងការបិទខ្ទប់នេះពួកគេធ្វើការហ្វឹកហាត់យ៉ាងសកម្ម នៅទីលានហ្វឹកហាត់មួយកន្លែងលើផ្សារសំណង់១២ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសមុនចេញទៅSEA GAMES ២០២១ នៅប្រទេសវៀតណាមតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹក និងចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក (NOCC) និងអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ថា កីឡាកាយវប្បកម្មជាប្រភេទកីឡាមានសក្តានុពលបំផុតអាចមានសមត្ថភាព ដណ្តើមមេដាយមាសជូនសម្រាប់កម្ពុជា នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ នៅប្រទេសវៀតណាម និង SEA GAMES ២០២៣នៅកម្ពុជា។
លោកអគ្គលេខាធិការបានបន្តថា កីឡាកាយវប្បកម្មរាល់ការចេញទៅចូលរួមប្រកួតលើឆាក អន្តរជាតិតែងតែងឈ្នះមេដាយមាសរហូត។ ចំណែកកីឡាកាយវប្បកម្មសម្រាប់ការប្រកួត SEA GAMES ២០២១ ប្រហែលជាអាចដណ្តើមបានមេដាយមាស២គ្រឿង ដូច្នេះលោកបានឲ្យអគ្គលេខាធិការនៃ សហព័ន្ធកីឡាកាយវប្បកម្មធ្វើការប្រមូល កីឡាករជើងខ្លាំងត្រៀមហ្វឹកហាត់ឡើងវិញ។
បញ្ជាក់៖ការប្រកួតជើងឯកអាស៊ីអគ្នេយ៍សរុប១០គ្រឿងក្នុងនោះ មេដាយមាស៥គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងការប្រកួតជើង ឯកពិភពលោកសរុប៤គ្រឿងក្នុងនោះ មេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕