បុរសជើងខ្លាំងប្រចាំក្រុងតាខ្មៅ ផឹកស៊ីស្រវឹងនិងបានរកវាយមេភូមិក្នុងរដូវបិទខ្ទប់ ត្រូវសមត្ថកិច្ចវាយខ្នោះ
កណ្តាល ៖ បុរសម្នាក់មកពីផឹកស៊ីស្រវឹង ដើរចូលក្នុងភូមិ ដល់ពេលមេភូមិសួរនាំ រកវាយមេភូមិ ហើយគំរាមបាញ់ ទៀតផង ស្ថិតនៅភូមិក្រពើហា ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ថា បុរសរូបនេះ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធការប្រឆាំងនឹងបំរាមរបស់រាជរដ្ឋាភិបាល
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបកស្រាយជូនសាធារណជន មេត្តាជ្រាប:នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីយុវជន០១នាក់ ឈ្មោះ ស៊ូ ម៉េងសែ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ កើតហេតុនៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។
បច្ចុប្បន្នយុវជនម្នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី។
បើតាមលោកវរសេនីយ៍ឯក អាស្រ័យដូចនេះ សូមសាធារណជន ពិសេស តាមបណ្តាសារព័ត៌មាន សូមជ្រាប និង សូមកុំផ្សព្វផ្សាយអ្វីលើសពីនេះ៕