គ្រោះថ្នាក់ចរាចរថ្ងៃទី១៨ សីហាស្លាប់៤ និងរបួសធ្ងន់ស្រាល១៥នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១៣លើក(យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រីម្នាក់) រងរបួសធ្ងន់១៣នាក់ (ប្រុស)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់(យប់៧នាក់)។
មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈ ល្មើសល្បឿន ៥លើក (ស្លាប់២នាក់) ស្រវឹង ១លើក មិនប្រកាន់ស្តាំ ៣លើក មិនគោរពសិទ្ធ ៣លើក(ស្លាប់ម្នាក់) បត់គ្រោះថ្នាក់១លើក(ស្លាប់ម្នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២៥គ្រឿង រួមមាន ម៉ូតូ ចំនួន១៣គ្រឿង រថយន្តធុនតូច ចំនួន៨គ្រឿង និងរថយន្តធំ ១គ្រឿង យានផ្សេងៗ ៣គ្រឿង។
យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៩លើក រថយន្តធុនតូច ចំនួន៣លើក រថយន្តធុនធំ ១លើក ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៨លើក ផ្លូវខេត្ត ៥លើក។រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពង់ចាម ៤លើក ស្លាប់២នាក់(ស្រីម្នាក់)របួស៤នាក់ ភ្នំពេញ ៣លើក ស្លាប់ម្នាក់ របួស២នាក់ និងខេត្តបាត់ដំបង២លើក ស្លាប់ម្នាក់ របួស២នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន ១៤៧លើក ស្លាប់ចំនួន៧៣នាក់ របួសសរុបចំនួន១៨០នាក់ របួសធ្ងន់១២៣នាក់ របួសស្រាលចំនួន៥៧នាក់។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១៧ ខែសីហា ដល់ម៉ោង១៤ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១៨១២ គ្រឿង (ម៉ូតូ៥៣ភាគរយ) មធ្យោបាយល្មើស ២០៧គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ ៧៥គ្រឿង (ម៉ូតូ៣៦ភាគរយ) ពិន័យ ១៣២គ្រឿង (ម៉ូតូ១០០ភាគរយ) ៕