ឈាមស្រែកស្បែកហៅៈ ប៉ូលិសថៃចាប់និស្សិតពេទ្យ ជាឃាតករ បាញ់សម្លាប់មនុស្ស ដោយចេតនា នៅខេត្តបាត់ដំបង
បន្ទាយមានជ័យ ៖ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឲ្យដឹងថា ករណី ឃាតកម្ម បាញ់សម្លាប់តៃកុងឡានដឹកទឹកកក សមត្ថកិច្ចខិតខំប្រឹងប្រែងចំនួន ១០ថ្ងៃ ដោយមានកិច្ចសហការរវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ ទើបបង្ក្រាបបានឃាតករចំនួន ដែលរត់ភៀសខ្លួន ទៅដល់ប្រទេសថៃ។
ក្រុមអន្តរាគមន៍ បានឲ្យដឹងថា ប៉ូលិសថៃចាប់ខ្លួនខ្មាន់កាំភ្លើងចំនួនពីរ ដែលបានសម្លាប់មនុស្សនៅស្រុកបាណន់ ខេត្តបាត់ដំបង រត់ទៅសម្ងំលាក់ខ្លួននៅប្រទេសថៃ។ ការចាប់ខ្លួនឃាតករទាំងពីរនាក់នេះ គឺសមត្ថកិច្ចថៃនៅ ខេត្តចាន់បូរី បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៩:១០នាទី ថ្ងៃ១៦ ខែសីហា ឆ្នាំ២០១៨។
ដោយមានការដាក់បទបញ្ជាយ៉ាងម៉ត់ចត់ពី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ទៅលើ ករណី ឃាតកម្មគឹតទុកជាមុន (បាញ់សម្លាប់) កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចវាលអន្ទង់ស ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងនគរបាល ក្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ និង កម្លាំងចម្រុះ ខេត្តចន្ទបុរី ប្រទេសថៃ ចុះប្រត្តិបត្តិការនាំខ្លួនជនសង្ស័យចំនួន២ នាក់ ១ ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ ២២ឆ្នាំ ។ ២ ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ ២៣ឆ្នាំ ។
នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ប៊ុន ពន្លក បានឆ្លើយសារភាពថា កាលពីថ្ងៃទី៥ សីហា ២០១៨ ខ្ញុំបាទបានបបួលឈ្មោះ ហួន វាសនា ដែលត្រូវជាបងជីដូនមួយ ពីភ្នំពេញមកបាត់ដំបង ដើម្បីសម្លាប់ជនរងគ្រោះ ដោយឈ្មោះហួន វាសនា ជាអ្នកបើករថយន្ត លុះមកដល់ចំណុចកើតហេតុ ពេលយប់ ខ្ញុំបាទក៏បានឲ្យឈ្មោះ ហួន វាសនា ឈប់ឡានចាំមើលឡានជនរងគ្រោះមក មួយសន្ទុះក្រោយមក ក៏បានឃើញឡានជនរងគ្រោះមកដល់ ពេលនោះឈ្មោះ ហួន វាសនា ក៏បានបើកឡានទៅកៀកឡានរបស់ជនរងគ្រោះ ហើយក៏បានស្រែកឲ្យឡានជនរងគ្រោះឈប់ ពេលនោះជនរងគ្រោះក៏បានចុះពីលើឡានមកសួរ ហើយខ្ញុំបាទក៏បានស្រែកសួរ ជនរងគ្រោះថា បើកឡានបុកគេហើយសងអត់ ពេលនោះជនរងគ្រោះ បានបដិសេធថា មិនបានបុកទេ ហើយក៏ប្រកែកគ្នា បន្ទាប់មកខ្ញុំបាទក៏បានដកកាំភ្លើងបាញ់ បំណងសម្លាប់ជនរងគ្រោះ ក្រោយពីខ្លួនបានធ្វើសកម្មភាពរួច ក៏បានវិលត្រឡប់ទៅភ្នំពេញវិញ រហូតដល់កន្លែងស្ងាត់មួយ ខ្លួនបានបោះកាំភ្លើង ដែលបានធ្វើសកម្មភាពចោល រួចទៅភ្នំពេញដើម្បីសម្ងំលាក់ខ្លួន។
ចំណែកជនសង្ស័យឈ្មោះ ហួន វាសនា មិនបានឆ្លើយសារភាពទេ។
បច្ចុប្បន្នជនសង្ស័យត្រូវក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី។
ករណីនេះ កម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងសមត្ថកិច្ចថៃ ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្មដោយចេតនា(បាញ់សម្លាប់) ត្រូវបានភាគីថៃ ប្រគល់ជូននៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ជនសង្ស័យដែលត្រូវភាគីថៃប្រគល់ជូន២នាក់មានទី១.ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ២១ឆ្នាំ (មុខរបរជានិស្សិតពេទ្យ) មានស្រុកកំណើតភូមិត្រោក ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ២.ឈ្មោះ ហួត វាសនា ភេទប្រុស អាយុ២២ឆ្នាំ (មានមុខរបរជាងជួសជុលរថយន្ត) រស់នៅភូមិគ្រើស ឃុំអង្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅខេត្តចាន់បុរី។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលអន្ទង់ស ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយធ្វើសកម្មភាពហើយជនសង្ស័យទាំង២នាក់បានរត់គេចខ្លួនទៅប្រទេសថៃ ក្រោយពេលដែលកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវកំណត់មុខសញ្ញា សហការសមត្ថកិច្ចថៃចាប់ខ្លួនបញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីចាត់ការតាមច្បាប់ ៕