ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខដឹកនាំរដ្ឋាភិបាល កម្ពុជា វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម

42

ទីក្រុងហ្សាកាតា៖

បន្ទាប់ពីជំនួបទ្វេភាគីជាមួយ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាទ្វេភាគីជាលើកដំបូង ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខណះដែលមេដឹកនាំទាំងពីរ បានអញ្ជើញចូលរួម កិច្ច ប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ អំពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងកង្វល់រួម។ ក្នុងជំនួបជាលើកដំបូង នេះ មេដឹកនាំទាំងពីរបានចែករំលែកការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍នៃការ ជឿទុកចិត្តគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាង ល្អ សាមគ្គីភាព ស្ថិរភាព និងសន្តិភាព។

ក្នុងជំនួបកំពូលគ្នានេះដែរ មេដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្ត ក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ និង ឆ្ពោះទៅរកការជំរុញ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងទៅអនាគត។ នៅក្នុងជំនួបទ្វេភាគី ដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី និង ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះមេដឹកនាំឥណ្ឌូនេស៊ី និងវៀតណាម ចំពោះការគាំទ្រ កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្នុងឆ្នាំ២០២២ និងជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៣។

នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែង អំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភថវិកា និងម៉ាស់ដ៏ច្រើន ជួយដល់កម្ពុជា ក្នុងគ្រដ៏លំបាកនេះ។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា កាលពីជាងមួយឆ្នាំមុន កម្ពុជាមានអ្នកឆ្លងកូវីដ១៩ មិនដល់៥០០នាក់ និងគ្មានអ្នកស្លាប់ ប៉ុន្តែពេលនេះកម្ពជាមានអ្នកឆ្លងយ៉ាងច្រើនគួរឲ្យព្រួយបារម្ភបំផុត និងមាន អ្នកស្លាប់ច្រើន ប៉ុន្តែទោះបីជាយ៉ាងណាកម្ពុជា នឹងខិតខំជំនះដោះស្រាយនូវជំងឿដ៏កាចសាហាវនេះ ក្នុងរយៈពេល ដ៏ខ្លីខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសំដែងនូវការសោកស្តាយបំផុត ចំពោះការកើតរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ និងបានជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានឈ្នះនូវជំងឺដ៏កាចសាហាវ មួយនេះក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង