បុគ្គលឈ្មោះ លន់ ឡា ដែលល្មើសវិធានសុខាភិបាល យកសំណាកហើយមិនព្រមធ្វើចត្តាឡីស័ក និងបានទៅចូលរួមមង្គលការនៅខេត្តកំពត ត្រូវបាននាំខ្លួនទៅកាន់តុលាការ
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនឈ្មោះ លន់ ឡា ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបុគ្គលខាងធ្លាប់បានល្មើសវិធាន សុខាភិបាល កាលពីពេលកន្លងទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅ បុគ្គលរូបនេះ មានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយបានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយយកសំណាកក្រុមគ្រូពេទ្យតម្រូវឱ្យ ធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ និងមិត្តភ័ក្ត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង៣ ខណ្ឌបឹងកេងកង។
លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភ័ក្ត្រ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការនៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ រហូតដល់វេលាម៉ោង១៩.៣០នាទី ក្នុងថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡាក់ ថា ខ្លួនមានវិជ្ជមានកូវីដ១៩ និងនាំទៅព្យាបាលរហូតជាសះស្បើយ និងឲ្យធ្វើចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃ មុនចាប់បញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ។
លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានប្រាប់បណ្តាញព័ត៌មាន បុគ្គលឈ្មោះ លាន់ ឡា ត្រូវបានកម្លាំងជំនាញផែនការងារសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាធានីភ្នំពេញ ជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធការឆ្លងរាលដាលវីរុសកូវីដ១៩ ចាប់បញ្ជូនទៅតុលាការនៅវេលាម៉ោង ០៣:៤០នាទីរសៀលថ្ងៃទី២៤ ខែមេសានេះ។
លោកបានបន្តថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣៦នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនឈ្មោះ លាន់ ឡា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មកពីមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដែលមានវិជ្ជមានកូវិដ-១៩ ហើយបានព្យាបាលជាសះស្បើយ និងធ្វើចក្តាឡីស័កបន្តរយៈពេល១៤ថ្ងៃរួចរាល់ យកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្នុងករណីល្មើសវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩៕