សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UN-ESCAP “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”
ភ្នំពេញ ៖ សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ថ្លែងក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP ក្រោមប្រធានបទ៖ ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិច នៅទីក្រុងបាងកក ថ្ងៃទី២៦ ដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
សេដ្ឋកិច្ចសកលឆ្នាំ២០២១នេះ ទោះបីត្រូវបានរំពឹងថានឹងងើបឡើងវិញ ប៉ុន្តែយើងនៅតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យនៃការវិលត្រលប់មកវិញនូវរលកថ្មីៗនៃជំងឺនេះ ជាពិសេស តាមរយៈការបំប្លែងខ្លួនលឿនលើសពីការរំពឹងទុកនៃវីរុសកូរ៉ូណា ដែលបន្តរំខានដល់ជីវភាពសេដ្ឋ កិច្ច ។ ទន្ទឹមនេះ, គម្លាតនៃការទទួលបានវ៉ាក់សាំងរវាងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ក៏អាច បង្កជាហានិភ័យ និងរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកល ពោលគឺមានប្រទេសមួយ ចំនួនតូចប៉ុណ្ណោះ ដែលអាចងើបឡើងវិញបានប្រសើរ ខណៈដែលប្រទេសភាគច្រើនផ្សេងទៀតបន្តរង ផលប៉ះពាល់ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែកសេដ្ឋកិច្ច ។
ក្នុងបរិការណ៍នេះ, ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការង្រឹងគុណភាព និងប្រសិទ្ធភាព នៃ ប្រព័ន្ធសុខាភិបាល គឺជាការងារអាទិភាពបំផុតសម្រាប់យើងទាំងអស់គ្នា ។ កម្ពុជាសូមគូសបញ្ជាក់ពីសារៈ សំខាន់ និងភាពបន្ទាន់នៃការបែងចែក និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ប្រកបដោយសមធម៌ និងថ្លៃ សមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ។ ជាមួយគ្នានេះ, កម្ពុជាសូមអំពាវនាវដល់ប្រទេសមួយចំនួន កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន (hoarding) និងសូមកុំឱ្យមានការប្រើប្រាស់ វ៉ាក់សាំងជាឧបករណ៍នយោបាយ (vaccine politics) ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមលើកឡើងនូវទស្សនៈ ផ្ទាល់ខ្លួនមួយចំនួន ដែលយើងត្រូវយកចិត្តទុកដាក់ជាពិសេសពាក់ព័ន្ធនឹងការស្ដារឡើងវិញក្រោយវិបត្តិ ដូចខាងក្រោម៖
(១). បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីធានាថាផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្មត្រូវបានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។
(២). ជំរុញឌីជីថលូបនីយកម្មដោយផ្ដល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំ ទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួត ប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ។
(៣). ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់ សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតប ទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ព្រមទាំងការអភិវឌ្ឍ ធនធានមនុស្ស ។
(៤). ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្មក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជាបច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និង ការបម្រើដល់ឧស្សាហកម្មធំៗ។
ទន្ទឹមនេះ, បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនិងគ្រប់គ្រងគ្រោះធម្មជាតិ ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ, ធានាចីរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ជារួម, កម្ពុជាជឿជាក់ថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្ដារឡើងវិញក្រោយវិបត្តិទាម ទារឱ្យយើងទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព រួមទាំងកិច្ចសហការ និងការ គោរពគ្នាទៅវិញទៅមក៕