ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​សម្រេច​ឃុំខ្លួន​ បុរសម្នាក់ជាបណ្តោះអាសន្ន​ ពីបទ មិន​អនុវត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល​គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈវត្ថុសំណាកធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩

48

 

​ភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​បុរស​ម្នាក់​រស់នៅ​ខណ្ឌ​បឹង​កេងកង​ ក្រោយ​ពី​ព្យាបាល​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩​ ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ករណី​បុរស​នេះ​គ្រូពេទ្យ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​ បែរជា​លួច​គេច​ចេញ​ទៅ​ចូលរួម​ពី​មង្គលការ​មិត្តភក្តិ​នៅ​ខេត្តកំពត​ និង​ទីកន្លែង​មួយ​ចំនួន​ទៀត​ ខណៈ​វត្ថុ​សំណាក​របស់​បុរស​រូប​នេះ​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ប៊ុ​ន​ សុ​សិក្ខា​ ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ​ ប្រាប់​ឱ្យ​ដឹង​ថា​ បុរស​ខាងលើ​ឈ្មោះ​ លាន់​ ឡា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ប្រកប​មុខរបរ​លក់​កាហ្វេ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​១០០៥​ កែង​៣៦៥​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ផែន​ការងារ​សន្តិសុខ​ បញ្ជូន​ទៅ​តុលាការ​ ហើយ​នៅ​ថ្ងៃ​ដដែល​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ លោក​ កូយ​ សៅ​ បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​សម្រេច​បទបញ្ជា​ថ្មី​ទៀត​ ។​ បុរស​រូប​នេះ​រង​ការ​ចោទប្រកាន់​ពី​បទ​ មិន​អនុវត្ត​តាម​វិធានការ​ក្រសួងសុខាភិបាល​ គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ ជា​បទល្មើស​ព្រហ្មទណ្ឌ​ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៧​ នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ ។​

​កិច្ច​ងារ​ងារ​នេះ​គឺ​ ក្រុមការងារ​គណៈ​ក​ម្មា​ការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូន​បុគ្គល​មិន​អនុវត្ត​តាម​វិធាន​សុខាភិបាល​ដើម្បី​យក​ទៅ​អនុវត្ត​តាម​នីតិវិធី​ ។​

សូម​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២១​ បុរស​ឈ្មោះ​ លាន់​ ឡា​ មាន​អាកា​រៈ​ក្តៅខ្លួន​ ក្អក​ និង​ឈឺបំពង់ក​ ហើយ​បាន​ទៅ​យក​សំណាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ បន្ទាប់​មក​គ្រូពេទ្យ​តម្រូវ​ឱ្យធ្វើ​ច​ក្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅផ្ទះ​ ប៉ុន្តែ​បុគ្គល​នេះ​មិន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុងផ្ទះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​ក្រសួងសុខាភិបាល​នោះ​ទេ​ ។​ លុះ​នៅ​យប់​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២១​ ឈ្មោះ​ លាន់​ ឡា​ និង​មិត្តភក្តិ​០២​នាក់​ទៀត​ បាន​ទៅ​ស្ទី​ម​ និង​ស្ប៉ា​នៅ​ Arthur​ and​ Paul​ ផ្ទះ​លេខ​២៧​ ផ្លូវ​៧១​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​ ជាង​នេះ​ថែម​ទៀត​នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២១​ បុគ្គល​ខាងលើ​ រួម​នឹង​មិត្តភក្តិ​០២​នាក់​នោះ​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ បាន​ជិះ​រថយន្តឈ្នួល​ ទៅ​ចូលរួម​ពិធី​មង្គលការ​ នៅ​ភូមិ​ដំណាក់​ទ្រព្យ​ ឃុំ​ក្រាំង​ស្នាយ​ ស្រុក​ឈូក​ ខេត្តកំពត​ ហើយ​នៅ​តាម​ផ្លូវ​អ្នក​បើករថយន្ត​ក៏​បាន​ដឹក​ភ្ញៀវ​ម្នាក់​ទៀត​ ។​

​ស្រាប់តែ​នៅ​វេលា​យប់​ថ្ងៃ​ដដែល​ លទ្ធផល​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩​ បាន​រក​ឃើញ​វិជ្ជា​មាន​លើ​ ឈ្មោះ​ លាន់​ ឡា​ ភ្លាមៗ​ហើយ​ក្រុម​គ្រូពេទ្យ​បាន​ទៅ​ផ្ទះ​ជួល​បុគ្គល​នោះ​ ដើម្បី​យក​ទៅ​ព្យាបាល​ ប៉ុន្តែ​បុគ្គល​នេះ​មិន​នៅផ្ទះ​ ថា​ទៅ​ចូលរួម​មង្គលការ​មិត្ត​ភ្តិ​នៅ​ខេត្តកំពត​ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ។​

​បុគ្គល​ឈ្មោះ​ លាន់​ ឡា​នេះ​ ក្រោយ​ពី​ដឹង​ថា​រូបគេ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ ថែម​ទាំង​នាំ​មិត្តភក្តិ​០៥​នាក់​ទៀត​ជិះ​រថយន្ត​ជាមួយ​គ្នា​ពី​ខេត្តកំពត​ មក​រាជធានី​ភ្នំពេញ​ ។​ នៅ​ពេល​បុគ្គល​នេះ​មក​ដល់​ភ្នំពេញ​ គ្រូពេទ្យ​ក៏​បាន​នាំ​ទៅ​ព្យាបាល​នៅ​សណ្ឋាគារ​ great​ duke​ ចំណែក​មិត្តភក្តិ​ទាំងនោះ​បាន​នាំ​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា​ ។​

​នៅ​ក្នុង​អំឡុង​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ បុគ្គល​នេះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​២០០​នាក់​ទៀត​ពាក់ព័ន្ធ​ដោយ​ប្រយោល​និង​នាំ​គ្នា​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​បាន​ចម្លង​កូ​វី​ដ​១៩​ទៅ​បុគ្គល​០៣​នាក់​ផ្សេង​ទៀត​ ។​ បុគ្គល​ឈ្មោះ​ លាន់​ ឡា​ ក្រោយ​ពី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩​ ជា​សះស្បើយ​សណ្ឋាគារ​great​ duke​ ។​ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ រាជធានី​ភ្នំពេញ​ ខណ្ឌ​ព្រែក​ព្នៅ​ ទើប​ក្រោយ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ហើយ​នៅ​ថ្ងៃ​ខាងលើ​ សមត្ថកិច្ច​ក៏​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់​តាម​ផ្លូវច្បាប់​តែ​ម្តង​ ៕

អត្ថបទដែលជាប់ទាក់ទង