ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនជាតិថៃ៧នាក់​ មកស្រុកខ្មែរអត់ច្បាប់​ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ

97

 

ខេត្តបន្ទាយមានជ័យ​ ៖​ ជនជាតិថៃចំនួន៧នាក់​ មកស្រុកខ្មែរ​គ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា​ ៖​ កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ​ និងកម្លាំងយោធាវរៈ​៥១១​ បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់​ ក្នុងនោះមានស្រី២នាក់​ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។​ កម្លាំងចម្រុះបានប្រាប់ឲ្យដឹងបន្តទៀតថា​ ៖​ ជនជាតិថៃទាំង៧នាក់​ ក្រោយពីសមត្ថកិច្ចសួរនាំ​ ពួកគាត់បានប្រាប់ឲ្យដឹងថា​ ពួកគាត់មកពីខេត្តឈៀងរ៉ាយ​ ប្រទេសថៃ​ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយ​ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បន្ទាប់ពីធ្វើការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះ​ បានប្រគល់ពួកគាត់ ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃដើម្បីបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង