ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តោះ ! ស្វែងយល់អំពីមុខងារថ្មីៗ ដែលមានជាមួយ នឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 14.5

53

 

ភ្នំពេញ ៖ កាលពីយប់មិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone ដោយបានដាក់បញ្ចូលនូវមុខងារថ្មីៗមួយចំនួនមានដូចជា មុខងារសម្រាប់កំណត់ការតាមដានអ្នកប្រើប្រាស់ (App Tracking), កម្មវិធីសម្រាប់ប្រើជាមួយនឹងឧបករណ៍តាមដាន AirTags និងមុខងារដែលអាចឱ្យអ្នកប្រើប្រាស់បន្ថែម ហេតុការណ៍ផ្សេងៗចូលទៅក្នុងកម្មវិធី Apple Maps។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចេញផ្សាយព័ត៌មានបែបនេះ នៅព្រឹកថ្ងៃអង្គារនេះ។

ប៉ុន្តែមុខងារមួយដែលអាចធ្វើឱ្យការប្រើប្រាស់ទូរសព្ទ iPhone កាន់តែមានភាពងាយស្រួលនោះគឺ មុខងារដែលអាចឱ្យអ្នកប្រើប្រាស់បើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch ព្រោះការបើកសោទូរសព្ទដោយប្រើផ្ទៃមុខ មិនអាចដំណើរការបានដោយសារអ្នកប្រើប្រាស់ជាច្រើននា ពេលបច្ចុប្បន្នតម្រូវឱ្យពាក់ម៉ាស ដើម្បីការពារពីការឆ្លងនៃមេរោគកូវីដ១៩។

មុខងារបើកសោនេះគឺវាស្រដៀងគ្នា ទៅនឹងការបើកសោដែលក្រុមហ៊ុន កំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀត វាក៏ផ្ដល់ជម្រើសសម្រាប់លោកអ្នក អាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាម បើកសោទូរសព្ទនោះ។

ដើម្បីប្រើមុខងារនេះ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាព កម្មវិធីប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ iPhone ទៅជំនាន់ iOS 14.5 និងនាឡិកាវៃឆ្លាត Apple Watch ទៅជំនាន់ watchOS 7.4។ បន្ទាប់ពីលោកអ្នកបានធ្វើបច្ចុប្បន្នភាពរួចហើយ លោកអ្នកអាចបើកមុខងារនេះ នៅក្នុងទូរសព្ទដោយចូលទៅក្នុង Settings -> Face ID & Passcode -> ចុចបើក Unlock With Apple Watch។

ដើម្បីប្រើមុខងារនេះវាក៏តម្រូវឱ្យលោកអ្នកប្រើ Passcode ជាមួយនឹងនាឡិកាផងដែរ។ ប្រសិនបើលោកអ្នកមិនទាន់មានប្រើ Passcode លោកអ្នកអាចបង្កើតលេខ Passcode ដោយចូលទៅក្នុងកម្មវិធី Watch នៅក្នុងទូរសព្ទ ហើយជ្រើសយក Passcode -> Turn Passcode On ហើយវាយបញ្ចូលលេខ Passcode ដែលលោកអ្នកចង់ប្រើ។

គួរបញ្ជាក់ផងដែរថាមុខងារនេះ គឺប្រើសម្រាប់តែបើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាច ប្រើសម្រាប់បញ្ជាក់អត្តសញ្ញាណ ជាមួយនឹង Apple Pay ឬ App Store បានទេ៕

អត្ថបទដែលជាប់ទាក់ទង