ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនាំគណៈប្រតិភូ ត្រឡប់មកដល់ ទីក្រុងភ្នំពេញវិញ ដោយសុវត្តិភាព

161

នៅម៉ោងប្រមាណ៤.១៥នាទី រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨។ជាលទ្ធផលនៃកិច្ចប្រជុំទាំង២ដ៏មានសារសំខាន់នេះ គឺទទួលបាននូវភាពជោគជ័យ និងគួរជាទីមោទនៈ សម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ាន។ ក្នុងនោះ ថ្នាក់ដឹកនាំដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ACMECS បានពិភាក្សាគ្នាពីយុទ្ធសាស្រ្ត ពង្រឹងសមត្ថភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឲ្យកាន់តែខ្លាំងក្លា នៅតាមបណ្តោយព្រំដែន បង្រួមគម្លាតការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។ ជាមួយគ្នានោះ ឯកសារសំខាន់ចំនួនបីក៏ត្រូវបានអនុម័តនៅចុងបញ្ចប់ នៃកិច្ចប្រជុំកំពូលនេះ រួមមាន (១) បញ្ជីគម្រោងអាទិភាព (២)ផែនការមេ ACMECS ២០១៩-២០២៣ និង (៣) សេចក្តីថ្លែងការណ៍ទីក្រុងបាងកក។ចំពោះកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ កម្ពុជាធ្វើជាប្រធានដឹកនាំប្រជុំនោះ ក៏ទទួលបានលទ្ធផលល្អប្រសើរផងដែរ ដែលក្នុងនោះថ្នាក់ដឹកបាន ពិនិត្យឡើងវិញអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ហើយបានពិភាក្សារិះរកវិធីយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការការអភិវឌ្ឍប្រកបដោយចីរភាព និងមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង