គណៈបញ្ជាការឯកភាពរាជធានី ដាក់វិធានការដើម្បីកំណត់ការចេញ ចូល និងគ្រប់គ្រងនៅតំបន់ពណ៌ទាំង៣ មានក្រហម លឿង និងលឿងទុំ នៅក្នុងរាជធានី
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល។
ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ មេសានេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកកើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃ គ ប ខ ព្រមទាំងមានការចូលរួមពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីសរាជធានីនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ។
ក្នុងកិច្ចប្រជុំនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈ video conferenceនេះឡើង គឺក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់ ពីតំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿង ងាយស្រួលគ្រប់គ្រងនិងអនុវត្តការងារទៅតាមសេចក្តីសម្រេចលេខ៥៤ ស ស រ របស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ពិសេសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឱ្យបានល្អបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដីលោកឃួង ស្រេង បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរទាំងអស់ អនុវត្តការងារខាងលើនេះ កុំឱ្យលើស និងកុំឱ្យខ្វះ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ៥៤សសររបស់រាជរដ្ឋាភិបាលនេះ ទទួលបានជោគជ័យ។
ជាមួយគ្នានោះលោក កើត រិទ្ធ បានប្រសាសន៍ពាក់ព័ន្ធនិងការងារនេះ នៅក្រុងតាខ្មៅខេត្តកណ្ដាល យើងបានប្រជុំនិងសម្រេចរួចហើយ ដើម្បីពង្រីងការងារលើការបន្តការបិទខ្ទប់ក្រុងតាខ្មៅ បន្តទៀត។ ដោយឡែកនៅព្រឹកថ្ងៃទី២៨ មេសានេះ យើងបានប្រជុំជាមួយ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference បន្តទៀត ដើម្បីកំណត់ការចេញ ចូល និងការគ្រប់គ្រង ការអនុវត្តនៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ ។
លោក កើត រិទ្ធ បន្ថែមថា យើងមានគោលដៅ២ ដែលត្រូវអនុវត្ត ទី១ គឺ ស្វែងយល់ឲ្យបានច្បាស់លាស់បន្ថែម ពីតំបន់បិទខ្ទប់ ដើម្បីយកទៅអនុវត្តអោយចំគោលដៅ មិនលើស មិនខ្វះនិងទទួលបានជោគជ័យ។ ទី២ គឺការផ្សាយផ្សាយប្រជាពលរដ្ឋឱ្យបានយល់ ពីអ្វីដែលពួកគាត់ត្រូវអនុវត្ត អ្វីដែលពួកគាត់គួរធ្វើនិងមិនគួរធ្វើ លើតំបន់៣ពណ៌ដែលបានកំណត់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។
លោក កើត រិទ្ធ ក្នុងឱកាសនោះក៏បានសម្តែងការកោតសរសើរ ចំពោះកងកម្លាំងនិងអាជ្ញាធររាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ ឃើញថា កម្លាំងនិងអាជ្ញាធរ បានប្រឹងប្រែងខ្លាំងណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដែលបានធ្វើឱ្យការងារនេះ ដំណើរការទៅដោយរលូននិងជោគជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរផងដែរ៕