សេចក្ដីណែនាំ ស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
សម្តេចក្រឡាហោម ស ខេង បានបន្តថា ផ្តើមចេញពីសភាពការណ៍ និងសកម្មភាពខាងលើនេះ ក្រសួងមហាផ្ទៃសូមណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាព ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នូវវិធានការសំខាន់ៗមួយចំនួន ដើម្បី លុបបំបាត់ការនាំមនុស្សចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេស ដូចខាងក្រោម៖
១. អគ្គស្នងការដ្ឋាននគរបាលជាតិត្រូវដឹកនាំសម្របសម្រួលជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែន និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការត្រួតពិនិត្យវាយតម្លៃអំពីការអនុវត្តវិធានការនានា ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការនាំពលរដ្ឋកម្ពុជា និងជនបរទេសចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និង បទល្មើសនានាឆ្លងកាត់ព្រំដែន ដើម្បីដាក់ចេញនូវផែនការសកម្មភាពអនុវត្តបន្ត ប្រកបដោយប្រសិទ្ធភាពថែមទៀត។
ក្នុងនោះត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ក្នុងប្រទេសដែលធ្វើសកម្មភាពនាំ ពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់ និងទំនាក់ទំនងជាមួយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចន ប្រទេសជិតខាង ដើម្បីសហការបង្ក្រាបបណ្តាញមេក្លោង និងមេខ្យល់ពីខាងក្រៅ សំដៅកាត់ផ្ដាច់ខ្សែរយៈទំនាក់ ទំនងប្រព្រឹត្តបទល្មើសនេះ។ ទន្ទឹមនេះ ត្រូវបន្តខិតខំសហការស្រាវជ្រាវលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួច ចេញ-ចូលតាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើងឱ្យបាន សមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមខ្សែបន្ទាត់ ព្រំដែនដែលមានភូមិសាស្ត្រស្មុគស្មាញ។
២. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបង្កើនការគ្រប់គ្រងការចេញ-ចូលតាមច្រកទ្វារព្រំដែន និង ភូមិសាស្ត្រទទួលខុសត្រូវតាមច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការចេញ-ចូលឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ និងត្រូវសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
៣. អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងត្រូវពង្រឹងមន្ត្រី និងកម្លាំងមានសមត្ថកិច្ចនៅតាម ច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែន ឱ្យបង្កើនការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ ព្រំដែន និងភូមិសាស្ត្រទទួលខុសត្រូវតាមច្រកទ្វារព្រំដែននីមួយៗ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងសហការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
៤. អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គលេខាធិការដ្ឋានត្រូវសហការ ទំនាក់ទំនងជាមួយសមភាគីរបស់ខ្លួន នៃបណ្ដាប្រទេសក្នុងតំបន់ រួមទាំងប្រទេសជិតខាងកម្ពុជា ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបង្ក្រាបមេក្លោង និងមេខ្យល់នាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទឆ្លងកាត់ព្រំដែន។
អភិបាលខេត្តជាប់ព្រំដែនត្រូវបង្កើនទំនាក់ទំនងជាមួយអភិបាលខេត្តនៃប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា ដោយផ្អែកលើគោលការណ៍នានាដែលបានឯកភាពគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ការរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ ព្រមទាំងការលើកកម្ពស់សហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញកសិផល គ្រឿងឧបភោគបរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ-១៩។
៥. អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើនការគ្រប់គ្រងជនបរទេស ដោយត្រូវអនុវត្តវិធានការច្បាប់តឹងរឹង ធ្វើការ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសដែលជ្រៀតចូលមកក្នុងប្រទេសដោយខុសច្បាប់ និងត្រូវ ពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រួតពិនិត្យជនបរទេសដែល តម្រូវឱ្យធ្វើចត្តាឡីស័ក និងជនបរទេសដែលបាននិងកំពុងព្យាបាលជំងឺកូវីដ-១៩ សំដៅធានាអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានសុខាភិបាល ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។
ក្នុងដំណើការស្រាវជ្រាវការគ្រប់គ្រងជនបរទេស ករណីរកឃើញក្រុមហ៊ុន រោងចក្រ សហគ្រាស ឬបុគ្គលណាដែលមានការពាក់ព័ន្ធក្នុងបទល្មើសនាំមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ឬទទួលមនុស្សឆ្លងដែន ខុសច្បាប់ឱ្យធ្វើការ ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
៦. ក្នុងកិច្ចប្រតិបត្តិការគ្រប់គ្រងការចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ករណីរកឃើញការ លួចជ្រៀតចូលដោយខុសច្បាប់នៅចំណុចណាមួយ មន្ត្រី កងកម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារ និងកងកម្លាំង ល្បាតការពារព្រំដែនត្រូវចាត់វិធានការបញ្ជូនចេញតាមចំណុចនោះនៅនឹងកន្លែងភ្លាម។ ករណីរកឃើញជនបរទស ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានជ្រៀតចូលជ្រៅមកក្នុងប្រទេស ត្រូវធ្វើការឃាត់ខ្លួន ហើយត្រូវសហការ ឱ្យអនុវត្តវិធានការចត្តាឡីស័ក ស្របតាមវិធានសុខាភិបាល និងត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
៧.អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរភូមិ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងការចេញ-ចូល ស្នាក់នៅរបស់ ជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងខិតខំសហការ ចូលរួមក្នុងការស្រាវជ្រាវបង្ក្រាបមេក្លោង និងមេខ្យល់រត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតាមមូលដ្ឋាន នានាទូទាំងប្រទេស ក៏ដូចជនបរទេសដែលបំពានវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធ របស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទន្ទឹមនេះ ត្រូវផ្សព្វផ្សាយ អប់រំ បំផុសប្រជាពលរដ្ឋតាមឃុំ សង្កាត់ ភូមិនីមួយៗ ឱ្យចូលរួមក្នុងការងារខាងលើនេះឱ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋានទូទាំងប្រទេស៕