បង្កកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងផ្អាកការងារ បណ្តោះអាសន្ន ចំពោះកម្មករដែលបានគេចចេញពីកន្លែងធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ
ព្រះសីហនុ ៖ សេចក្តីជូនដំណឹង ស្តីពីការបង្កកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងផ្អាកការងារ បណ្តោះអាសន្នចំពោះកម្មករដែលបានគេចចេញពីកន្លែងធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកលោក ឈីវ ជីងធីង ម្ចាស់រោងចក្រផលិតស្បែកជើង ញូវ ស្តារ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ស្តីពីការបង្កកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងផ្អាកការងារ បណ្ដោះអាសន្ន កម្មករដែលបានគេចចេញពីកន្លែងធ្វើចត្តាឡីសឹក និងតំបន់បិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុជម្រាបមកលោក ឱ្យបានជ្រាបថា៖ ក្នុងពេលផ្អាកបណ្តោះអាសន្ន ដំណើរការអាជីវកម្ មរបស់រោងចក្រផលិតស្បែកជើង ញូវ ស្តារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ហើយតម្រូវឱ្យបុគ្គលិក កម្មករ និយោជិតរោងចក្រផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅតាមលំនៅឋាន ឬទីសំណាក់របស់ខ្លួន ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុង សម្រាប់អ្នកធ្វើចត្តាឡីស័ក បែរជាមានកម្មករមួយចំនួនតូចបានលួចគេចចេញពីកន្លែងធ្វើចត្តាឡីស័កទៅវិញ។ ទង្វើនេះជាការប្រព្រឹត្តដោយចេតនាបំពានលើសេចក្តីជូនដំណឹង និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ .បក ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ២២ បានកំណត់ថា «ត្រូវពិន័យ អន្តរការណ៍ពី ៥០០.០០០ (ប្រាំសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន ) រៀល ចំពោះអ្នកធ្វើចត្តាឡីស័ក ដែលមិនអនុវត្តតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកដែលធ្វើចត្តាឡីស័ក និងត្រូវពិន័យអន្តរការណ៍ពី ១ (មួយលាន ) រៀល ទៅ ៥,០០០.០០០ (ប្រាំលាន ) រៀល ចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័កហើយគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពី កន្លែងធ្វើចត្តាឡីស័ក» និង«ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន ) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ចំពោះអ្នកដែល គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក កាលបើអំពើនេះ បណ្ដាលឱ្យមាន ការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ចំពោះករណីកម្មករនៃរោងចក្រផលិតស្បែកជើង ញូវ ស្តារ ដែលបានលួចគេចចេញពីការធ្វើចត្តាឡីស័ក និងគេចវេះ ពីតំបន់បិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុនឹងត្រូវទទួលការពិន័យអន្តរការណ៍ ឬទទួលការផ្ដន្ទាទោស តាមច្បាប់ រួចរាល់សិនទើបទទួលបានប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងអនុញ្ញាតចូលបម្រើការងារវិញ។ កម្លាំងសមត្ថកិច្ចប្រចាំការតាមគោលដៅបិទខ្ទប់ត្រូវឃាត់ ដកហូតមធ្យោបាយ(រថយន្ត ម៉ូតូ)ពីអ្នកគេចវេះ និងអ្នកផ្សំគំនិតយកមករក្សាទុករហូតដល់បញ្ចប់ការបិទខ្ទប់ទើបដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម លោក ជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕